នាង Rihanna ក្លាយជាតារាចម្រៀងស្រីដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក និងជាស្ត្រីដែលមានលុយច្រើនជាងគេលំដាប់ទីពីរ នៅក្នុងវិស័យសិល្បៈ បន្ទាប់ពី Oprah Winfrey។
យោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes តារាចម្រៀង Robyn Rihanna Fenty ទើបតែបានក្លាយជាមហាសេដ្ឋិនីប្រាក់ដុល្លារនាបច្ចុប្បន្ន។ Forbes បានធ្វើការតាមដានទិន្នន័យរបស់បុគ្គលអ្នកមានៗនៅទូទាំងពិភពលោក អស់រយៈពេលច្រើនឆ្នាំមកហើយ។ ហើយកាលពីម្សិលមិញ (04 សីហា) តារាចម្រៀងប៉ុប វ័យ 33 ឆ្នាំ នាង Rihanna ត្រូវបាន Forbes គណនាឃើញថា មានទ្រព្យក្នុងដៃចំនួន 1.7 ពាន់លានដុល្លារឯណោះ។ ប្រការនេះ ធ្វើឱ្យនាងក្លាយជាតារាចម្រៀងស្រីដែលមានទ្រព្យច្រើនជាងគេក្នុងសកលលោក និងជាស្ត្រីដែលមានលុយច្រើនជាងគេលំដាប់ទីពីរ នៅក្នុងវិស័យសិល្បៈ បន្ទាប់ពី Oprah Winfrey។
រយៈពេល 5 ឆ្នាំមកហើយ រាប់ចាប់តាំងពីអាប៊ុម Anti របស់ Rihanna បានបង្ហាញខ្លួន និងបានឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ Billboard រយៈពេល 63 សប្ដាហ៍ នាង Rihanna មិនបានបញ្ចេញអាល់ប៊ុមថ្មីណាមួយទៀតឡើយ ប៉ុន្តែ នាងបានផ្ដោតទៅលើមុខជំនួញ តាមរយៈស៊េរីផលិតផលគ្រឿងសម្អាង Fenty Beauty និងឈុតខោអាវទ្រនាប់ Savage x Fenty។
Forbes បានគណនាឃើញថា ស៊េរីគ្រឿងសម្អាង Fenty Beauty មានតម្លៃរហូតដល់ 2.8 ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ 2018 ផលិតផលយីហោនេះ ត្រូវបានដាក់លក់ក្នុងបណ្ដាញហាង Sephora និងរកចំណូលបានជាង 550 លានដុល្លារជារៀងរាល់ឆ្នាំ ខ្ពស់ជាងយីហោ KKW Beauty របស់ Kim Kardeshian, Kylie Cosmetics របស់ Kylie Jenner និង Honest របស់ Jessica Alba ទៅទៀត។
កត្តាមួយក្នុងចំណោមកត្តាសំខាន់ដែលជួយឱ្យ Rihanna ទទួលបានជោគជ័យនៅក្នុងវិស័យគ្រឿងសម្អាង និងសម្លៀកបំពាក់ នោះគឺ ដោយសារការផ្សព្វផ្សាយផលិតផលដែលសមស្របនឹងស្រី ដោយវាតម្រូវតាមទម្រង់រូបរាង គ្រប់ទំហំ និងគ្រប់ពណ៌ស្បែក។
ខណៈដែល Victoria’s Secret បាចលុយរាប់លានដុល្លារ ទៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដប្រណិតៗ Fenty Beauty របស់ Rihanna ឯណេះវិញ បែរជាភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាញអនឡាញ ដើម្បីស្វែងរកអតិថិជន។ យីហោខោអាវទ្រនាប់របស់ Victoria’s Secret មានភាពល្បីល្បាញជាមួយនឹងកំពូលតារាៗបង្ហាញម៉ូដ ប៉ុន្តែ Savage x Fenty របស់ Rihanna ក៏បែរជាលុបបំបាត់រាល់ឧបសគ្គទាក់ទងនឹងសម្រស់របស់ស្ត្រី។
នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដំបូងរបស់ Savage x Fenty គេឃើញថា អ្នកបង្ហាញម៉ូដជាច្រើនពិតជាមានសម្រស់ផ្ទុយពីតារាបង្ហាញម៉ូដទូទៅ។ និយមន័យស្ដីពីសម្រស់នៃរូបរាងកាយ ទំនងជាត្រូវបានបំបាត់ចោលនៅក្នុងព្រឹត្តិការណ៍នេះ។ Rihanna បានសង្កត់ធ្ងន់ថា៖ «ចូរស្អាតទៅតាមបែបបទរបស់អ្នក»។
ការបោះជំហានដ៏ឆ្លាតវៃ និងសារដែលងាយទទួលយក គឺជា មូលហេតុដែលនាំឱ្យឱ្យយីហោខោអាវទ្រនាប់របស់ Rihanna ឆាប់ទទួលបានការគាំទ្រពីបងប្អូនស្ត្រី។
Forbes បាននិយាយថា Rihanna កាន់កាប់ភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុន Savage x Fenty។ ក្រុមហ៊ុននេះ ប្រមូលទុនបាន 115 លានដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ 2021 បន្ទាប់ពីត្រូវបានកំណត់តម្លៃ 1 ពាន់លានដុល្លារអាមេរិក។ CEO របស់ក្រុមហ៊ុន LVMH គឺមហាសេដ្ឋី Bernard Arnault និងតារាចម្រៀងរ៉ែប Jay Z ក៏ជាអ្នកវិនិយោគសំខាន់របស់យីហោ Savage x Fenty នេះផងដែរ៕