ក្រោយបង្ហាញខ្លួនបានជាងមួយសប្ដាហ៍ទូរស័ព្ទ Galaxy Note 8 ត្រូវបានក្រុមហ៊ុន Samsung ប្រចាំកម្ពុជា ប្រកាសពីតម្លៃ និងថ្ងៃដាក់ឱ្យធ្វើការ Pre-Order ហើយកាលពីព្រឹកថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញនេះ។
តាមប្រភពពីទំព័រ Facebook ផ្លូវការនៃក្រុមហ៊ុន Samsung កម្ពុជាឱ្យដឹងថា ត្រកូល Galaxy Note 8 នេះ អតិថិជនអាចធ្វើការកុម្ម៉ង់ទិញទុកជាមុន (Pre-Order) ចាប់ថ្ងៃទី4 ដល់ទី22 ខែកញ្ញា ជាមួយនឹងតម្លៃត្រឹមតែ 919ដុល្លារប៉ុណ្ណោះ ជាមួយនឹងពណ៌ខ្មៅ និងពណ៌មាស។ ការបញ្ជាទិញនេះទៀតសោត ក្រុមហ៊ុននឹងមានផ្ដល់ជូននូវកាស Samsung U-Flex មួយដោយឥតគិតថ្លៃ ជាមួយនឹងគម្រោងស្មាតធំហ្មង! ព្រមទាំងលេខពិសេសចំនួន 1 ផងដែរ។
សម្រាប់តម្លៃនេះ ត្រូវបានគេមើលឃើញថា រៀងទាបជាងទីផ្សារបរទេសបន្តិច ខណៈនៅអាមេរិកមានតម្លៃប្រមាណ930 ដុល្លារឡើងទៅ ដោយអ្នកប្រើប្រាស់អាចចូលទៅធ្វើការ Pre-Order ដោយផ្ទាល់នៅលើគេហទំព័រ Samsung.com ដោយតម្លៃអាចប្រែប្រួលតាមកញ្ជប់សេវា។ ជាមួយគ្នានេះដែរ ក្នុងបទសម្ភាសមួយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង ប្រធានអាជីវកម្មទូរស័ព្ទចល័តរបស់ Samsung Electronics លោក DJ Koh ធ្លាប់បាននិយាយថា វាពិបាករក្សាតម្លៃទូរស័ព្ទថ្មីនេះឱ្យទាបជាង 1លានវ៉ុន (887 ដុល្លារ) ណាស់ ព្រោះស្មាតហ្វូនមួយនេះត្រូវបានបង្កើតឡើងមានលក្ខណសម្បត្តិសម្បូរបែបខ្លាំងណាស់។
ចំពោះទូរស័ព្ទ Galaxy Note 8 នេះប្រើនូវអេក្រង់ Super AMOLED កម្រិត QHD+ និងគាំទ្រ Mobile HDR Premium ហើយមានមុខងារ Always on Display និង Screen off memos ។ កាមេរ៉ាក្រោយរបស់វាមាន 2 គ្រាប់ទំហំ 12MP ដូចគ្នា មួយជាកម្រិត f/1.7 សម្រាប់ Lens ធម្មតា និងមួយទៀតកម្រិត f/2.4 សម្រាប់ Telephoto lensហើយក៏មានបំពាក់នូវបច្ចេកវិទ្យា Optical Stabilization ដូចគ្នា។ ស្មាតហ្វូននេះមាន RAM ទំហំ 6GB ដំណើរការដោយប្រព័ន្ធ Android 7.0 Nougat និងមានថាមពលថ្ម 3300mAh។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា ក្រោយពេល Pre-Order បានបញ្ចប់ អតិថិជនអាចទទួលបានទូរស័ព្ទ Galaxy Note 8 នៅថ្ងៃទី 29 ចុងខែកញ្ញានៅតាមហាងដែលបានបញ្ជាទិញ ហើយចំពោះអ្នកនៅតាមខេត្តអាចទទួលបាននៅក្រោយគ្នាមួយថ្ងៃ៕