ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ មានបច្ច័យច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ ត្រួសៗដូចខាងក្រោមនេះ…៖
1. សុវត្ថិភាព
ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណា ដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនធ្វើឱ្យសឹករេចរឹលកម្រាលឥដ្ឋ ឬធ្វើឱ្យកាំជណ្តើររលោងជ្រុលពេក រហូតអាចបណ្តាលឱ្យក្មេងៗដើររអឹលដួល រួមទាំងការបំពាក់ឧបករណ៍គ្រឿងអគ្គិសនី និងខ្សែភ្លើង ឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។
2. ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត
រៀបចំឱ្យមានខ្យល់អាកាសបក់ចេញ-ចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាត
ជាប់ជានិច្ចផង។
3. ងាយស្រួលក្នុងការប្រើប្រាស់
ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ និងទុកដាក់របស់របរ ឱ្យត្រូវតាមកន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។
4. ភាពស្រួល សប្បាយ
រៀបចំផ្ទះ ឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបំភាយកម្ដៅចេញពីខាងក្នុងផ្ទះ និងឱ្យខ្យល់អាកាស បក់ចេញ-ចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះ ដែលនឹងធ្វើឱ្យយើងសប្បាយរីករាយចិត្តបានផង។
5. មានរបៀបរៀបរយ និងស្រស់ស្អាត
របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតខាងក្នុងផ្ទះ បាត់បង់អស់ ហើយជាពិសេសរឿងពណ៌ ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ។ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗ មកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។
6. សន្សំសំចៃ
ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់របរដែលចង់ទិញ យកមកតុបតែងផង តាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់ មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មី ឱ្យស្អាតមកដាក់តាំងលម្អឡើងវិញជាដើម៕