ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រកាសដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារពាណិជ្ជនាម និងពាណិជ្ជសញ្ញា ឱ្យមកចុះបញ្ជីពាណិជ្ជកម្ម ឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់។
សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងបានសង្កេតឃើញថា នៅមានក្រុមហ៊ុន អង្គភាព និងស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច មិនទាន់បានមកចុះបញ្ជីត្រឹមត្រូវនៅឡើយ។ ការចុះបញ្ជិកានេះគឺ ដើម្បីការពារពាណិជ្ជនាម និងពាណិជ្ជសញ្ញារបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់អស់លោក លោកស្រី ព្រមទាំងដើម្បីចៀសវាងការរំលោភបំពានពាណិជ្ជនាម និងពាណិជ្ជសញ្ញា ពីភាគីណាមួយ។
ក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន រួមនឹងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់បានមកចុះបញ្ជិកា អញ្ជើញមកចុះឈ្មោះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ឆ្នាំ2021។
ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនដោយបំពានច្បាប់ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ចាប់ពីឆ្នាំ2022 តទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា