ក្នុងការតុបតែងផ្ទះ បើគិតតែពីរឿងសប្បាយសុខស្រួល ឬក៏រឿងស្អាតបាតតែម្យ៉ាងនោះ ពិតជាមិនបានទេ អ្នកគួរពិចារណាពីរឿងទីតាំង និងការរៀបចំទុកដាក់របស់របរ និងតុ ទូ កៅអីផង ដោយសារតែរបស់អស់ទាំងនោះ ក៏មានផលចំពោះជីវិតរបស់មនុស្ស ដែលនៅក្នុងផ្ទះដែរ ដច្នេះហើយទើបមនុស្សជាច្រើន តែងប្រកាន់យកសាស្ត្រាហុងស៊ុយ មកប្រើក្នុងការរៀបចំតុបតែងផ្ទះ និងថែមទាំងជួយកែបញ្ហារឿងអារម្មណ៍អវិជ្ជមាន ឱ្យក្លាយទៅជាវិជ្ជមានបានទៀតផង ដូច្នេះនៅថ្ងៃនេះ យើងមានសាស្ត្រានៃវិជ្ជាហុងស៊ុយ ដែលនិយាយពីរឿងការសម្រួលអារម្មណ៍របស់មនុស្សនៅក្នុងផ្ទះ មកជម្រាបជូន ។
- ចង់សម្រកទម្ងន់
សម្រាប់អ្នក ដែលត្រូវការបញ្ចុះទម្ងន់ ក៏អាចយកគោលការណ៍ហុងស៊ុយ មកប្រើក្នុងការរៀបចំទីតាំងរបស់របរនៅក្នុងផ្ទះបានដូចគ្នា ដោយចាប់ផ្តើមពីការរៀបចំទុកដាក់ឧបករណ៍ នៅក្នុងចង្ក្រានបាយឱ្យមានរបៀបរៀបរយ តុបតែងលម្អជុំវិញក្នុងបន្ទប់ ដោយផ្លែឈើ ឬផ្កាស្រស់ៗ និងកញ្ចក់ស្អាតៗ 1ផ្ទាំង ព្រមទាំងប្តូរតុបាយ កម្រាលតុបាយ ដាក់ពណ៌ដិតច្បាស់ៗវិញម្តង ដូចជា ពណ៌ខ្មៅ ប្រផេះ និងខៀវជាដើម រួមទាំងព្យាយាមចៀសវាងការប្រើប្រាស់ពណ៌ស្រស់ៗ ដូចជា ពណ៌ក្រហម លឿងទុំ ឬលឿង ដោយសារតែពណ៌ទាំងអស់នេះ វាជួយជំរុញឱ្យមនុស្សឃ្លានបាយ និងញ៉ាំអាហារបានកាន់តែច្រើនឡើងហ្នឹងឯង។
- ថ្ងៃដែលនឿយហត់
បង្កើនថាមពលក្នុងថ្ងៃដែលនឿយហត់ដល់ខ្លួនឯង ឬសមាជិកក្នុងផ្ទះទាំងអស់ ដោយការយករុក្ខជាតិឱសថបុរាណមកដាក់តាំងជុំវិញក្នុងផ្ទះ ដោយចង់ដាក់ក្នុងថូ ឬក្នុងដបកែវក៏បាន តែបើចង់ឱ្យល្អបំផុតនោះ គួរដាក់ដាំនៅក្នុងផើងដីឥដ្ឋស្អាតៗ ដោយលើកយកមកដាក់ទន្ទឹមគ្នានឹងឧបករណ៍ផ្ទុកទឹកស្អាត តែប៉ុណ្ណឹង ភាពនឿយហត់ទាំងឡាយ និងរលាយបាត់អស់ជាបណ្តើរៗ ប្រែក្លាយជាភាពស្រស់ថ្លាជំនួសវិញ។ ចំណែកអ្នកដែលមានបញ្ហា រឿងសម្រាន្តមិនសូវលក់នោះ ក៏អាចយកវិធីនេះទៅប្រើបានដែរ។
- បញ្ហាលុយកាក់
អ្នកដែលមានបញ្ហារឿងលុយកាក់ អាចកែបានដោយការបន្ថែម ឬប្តូរពណ៌ខាងក្នុងផ្ទះ ឱ្យមានចំណែករបស់ពណ៌បៃតង មាស ក្រហម ឬស្វាយឱ្យច្រើនឡើង ព្រមទាំងឧស្សាហ៍មើលថែទាំដើមផ្កា ឱ្យនៅស្រស់ខ្ចីជាប់ជានិច្ច និងព្យាយាមផ្លាស់ដាក់ផ្កាស្រស់ថ្មីជាប្រចាំ ព្រមទាំងយករូបភាព ដែលមានលក្ខណៈសញ្ញា ដែលពាក់ព័ន្ធនឹងលុយ មកតុបតែងលម្អ 1ផ្ទាំង 2ផ្ទាំងផង ដើម្បីជួយបង្កើនរាសី ក្នុងរឿងលុយកាក់ឱ្យរលូនឡើង។
- មានអារម្មណ៍អផ្សុកឯកោ
បើសិនភាពអផ្សុក មកគោះទ្វារផ្ទះញឹកញាប់នោះ ប្រហែលជាដល់ពេលត្រូវរៀបចំកន្លែងនៅ ជាថ្មីម្តងទៀតហើយ
ជាពិសេសអ្នកដែលតុបតែងបន្ទប់ ដោយក្រណាត់ស្បៃប៉ាក់ ឬពណ៌ផ្កាឈូកៗ ព្រោះអី ទាំង 2យ៉ាងនេះ រឺតតែធ្វើឱ្យភាពឯកោអផ្សុកកើនឡើងទ្វេដង។ ដូច្នេះគួរសាកល្បងប្តូរស្ទីលការតុបតែង ដោយប្រើសាច់ក្រណាត់ធម្មតាៗ ឬបែបដែលមានពណ៌ និងក្បូរក្បាច់ ព្រមទាំងតុបតែងលម្អ ដោយរបស់របរណាដែលជាគូៗវិញម្តង អារម្មណ៍ឯកោអផ្សុកនឹងរលាយបាត់អស់មិនខាន។
ប្រយោជន៍របស់សាស្ត្រាហុងស៊ុយ មិនមែនពាក់ព័ន្ធតែជាមួយរឿងជោគសំណាងរបស់អ្នកស្នាក់នៅប៉ុណ្ណោះទេ តែនៅអាចជួយសម្រួល និងផ្លាស់ប្តូរអារម្មណ៍ ដែលអវិជ្ជមាន ឱ្យក្លាយជាវិជ្ជមានវិញបានទៀតផង។ ដូច្នេះបើលោកអ្នកកំពុងតែសម្លឹងរកមើលច្រកចេញនោះ សូមសាកល្បងចាប់ផ្តើមកែសម្រួលហុងស៊ុយក្នុងផ្ទះម្តងមើល៕