គ្រាន់តែក្នុងឆ្នាំ2020 ទ្រព្យសម្បត្តិរបស់ Mark Zuckerberg បានកើនជាង40ពាន់លានដុល្លារបន្ថែមទៀត ដែលតួលេខនេះ មនុស្សភាគច្រើនត្រូវរកស៊ីអស់ច្រើនជាតិក៏រកមិនបានស្មើនឹងមួយភាគតូចនោះដែរ។
ឆ្នាំ2020 កន្លងទៅ គឺជាពេលវេលាដែលសហស្ថាបនិករបស់ Facebook បានឆ្លងកាត់ឧបសគ្គ និងជួបបញ្ហាជាច្រើនត្រូវដោះស្រាយនៅក្នុងមុខជំនួញរបស់ខ្លួន។
ម្ចាស់ក្រុមហ៊ុន Facebook ត្រូវបានសភាអាមេរិកកោះហៅទៅសួរនាំជាច្រើនលើក ហើយលោកក៏បានប្រឹងប្រែងគ្រប់គ្រងព័ត៌មានមិនពិតស្ដីអំពី Covid-19 រួមនឹងការបិទគណនីរបស់អតីតប្រធានាធិបតី Donald Trump ព្រមទាំងការរាំងខ្ទប់មិនឱ្យអូស្ត្រាលីប្រើប្រាស់ Facebook ទៀតផង។
កាលពីដើមខែមេសានេះ បញ្ហាបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ចំនួន 533គណនី បានធ្វើឱ្យលោក Mark Zuckerberg ឈឺក្បាលម្ដងទៀត។ ប៉ុន្តែ បញ្ហានេះ ទំនងជាមិនបានជះឥទ្ធិពលអ្វីដល់មហាសេដ្ឋីរូបនេះឡើយ។ ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានហៅគាត់ថា ជាមនុស្សដែល «មិនមានអ្នកណាប៉ះពាល់បាន» នៅក្នុងវិស័យបច្ចេកវិទ្យា។
នៅក្នុងវ័យ 36ឆ្នាំ Zuckerberg កំពុងតែមានឡើងយ៉ាងឆាប់រហ័ស។ កាលពីរដូវក្ដៅឆ្នាំទៅ បន្ទាប់ពី Facebook បានបញ្ចេញមុខងារថ្មីមួយនៅលើ Instagram ដើម្បីប្រជែងជាមួយ TikTok នៅសហរដ្ឋអាមេរិក ទ្រព្យរបស់ Zuckerberg ក៏បានកើនឡើងដល់ 100ពាន់លានដុល្លារជាលើកដំបូង។
យោងតាមសារព័ត៌មាន Business Insider គិតដោយឡែកក្នុងឆ្នាំ2020 ទ្រព្យសម្បត្តិរបស់ Zuckerberg បានកើនជាង 40ពាន់លានដុល្លារ។ ជាមួយនឹងតួលេខនេះ បើធៀបនឹងពលរដ្ឋភាគច្រើនក្នុងពិភពលោក គេត្រូវការពេលរកស៊ីរាប់ជាតិឯណោះ ទើបអាចរកបានស្មើនឹងមួយចំណែកតូច។
ភាគច្រើននៃទ្រព្យសម្បត្តិរបស់ Zuckerberg គឺបានមកពីភាគហ៊ុនចំនួន 13% របស់គាត់នៅក្នុងក្រុមហ៊ុន Facebook បើទោះជាទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ត្រឹមតែ 1ដុល្លារ។ បច្ចុប្បន្ន លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ចំនួន 114ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ BI
ប្រែសម្រួល៖ បុត្រា