ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់ និង​ព្រះអាទិត្យ​ធំជាងគេ​លើ​លោក​ស្ថិតនៅ​កណ្ដាល​សមុទ្រ​ខ្សាច់

(ប្រទេស​ចិន) – ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ Kubuqi ផ្គត់ផ្គង់​អគ្គិសនី 40 ពាន​លាន​គីឡូវ៉ាត់ម៉ោង (kWh) ជា​រៀងរាល់ឆ្នាំ ស្មើនឹង 1/10 នៃ​ការប្រើប្រាស់​អគ្គិសនី​នៅ​ខេត្ត Hebei ដែលមាន​ប្រជាជន 75 លាន​នាក់។

ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ​ធំជាងគេ​លើ​លោក Kubuqi កំពុង​ត្រូវបាន​ស្ថាបនា​លើ​សមុទ្រ​ខ្សាច់ Kubuqi ប្រទេស​ចិន ក្នុងនោះ គ្រឿងចក្រ​រាប់រយ​កំពុង​ឈូសឆាយ​ពង្រាបដី។ នៅពេល​រួចរាល់​ជា​ស្ថាពរ ជាមួយនឹង​សមត្ថភាព​ដែល​បាន​ដំឡើង 16 លាន​គីឡូវ៉ាត់ (kW) ស្ថានីយ Kubuqi អាច​ផ្គត់ផ្គង់​អគ្គិសនី 40 ពាន់​លាន kWh ជា​រៀងរាល់ឆ្នាំ ដល់​តំបន់ Beijing, Tianjin និង Hebei ជំនួស​ឱ្យ​ការដុត​ធ្យូងថ្ម​ប្រហែល 6 លាន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ប្រហែល 16 លាន​តោន។

អគ្គិសនី 40 ពាន​លាន kWh នេះ ប្រហាក់ប្រហែល​នឹង 1/10 នៃ​បរិមាណ​អគ្គិសនី​ដែល​បាន​ប្រើប្រាស់​ប្រចាំឆ្នាំ​នៅក្នុង​ខេត្ត Hebei ជា​ខេត្ត​ដែលមាន​ប្រជាជន​ប្រហែល 75 លាន​នាក់។ គម្រោង Kubuqi បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ខែធ្នូ 2022។

នៅឯ​សមុទ្រ​ខ្សាច់ Tengger របស់​ខេត្ត Ningxia គម្រោង​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​ធំជាងគេ​នៅ​ប្រទេស​ចិន ក៏​កំពុង​ត្រូវបាន​ស្ថាបនា។ ពេល​រួចរាល់ ស្ថានីយ​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 5.78 ពាន់​លាន kWh ជា​រៀងរាល់ឆ្នាំ ដែល​ស្មើនឹង 1/7 នៃ​ស្ថានីយ Kubuqi។

គម្រោង Kubuqi បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ខែធ្នូ 2022

ចំណែក​នៅក្នុង​តំបន់ Xinjiang បណ្ដាញ​អគ្គិសនី​ចរន្តជាប់ (DC) តង់ស្យុង​ខ្ពស់ កំពុង​នាំយក​ថាមពល​ស្អាត​ទៅកាន់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន។

ជា​សរុប បណ្ដា​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្ស​ល់ និង​កម្ដៅថ្ងៃ​លើ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន នឹងមាន​សមត្ថភាព​ដែល​បាន​ដំឡើង ស្មើនឹង 450 លាន​គីឡូវ៉ាត់៕

Advertisement