កម្ពុជា បើក​ការដ្ឋាន​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 41 ពី​ខេត្តកណ្ដាល​ដល់​ខេត្ត​កំពក

ផ្លូវជាតិ​លេខ 41 អតីត​ផ្លូវ​ព្រះបាទ​អង្គឌួង ពី​ថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់​ស្រុក​ជុំ​គិរី ខេត្តកំពត ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ស្ដារ និង​លើក​កម្រិត​គុណភាព​នៅ​ព្រឹក​ថ្ងៃទី 26 ធ្នូ 2022 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្នុង​ពិធី​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 41 នឹងត្រូវ​សាងសង់​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ 5 សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ 12 ម៉ែត្រ។ គម្រោង​នេះ នឹង​ពង្រីក​ស្ពាន​ចាស់​ចំនួន 1 កន្លែង ដាក់លូ បំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​ជាដើម។ល។

ផ្លូវជាតិ​លេខ 41 នេះ ឆ្លងកាត់​ខេត្ត​ចំនួន 4 រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ក៏ដូចជា​ត​ភ្ជាប់​ទៅកាន់​កំពង់ផែ​ពហុ​បំណង​ខេត្តកំពត និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ដែល​កំពុង​សាងសង់ កំពង់ផែ​ទេសចរណ៍​ខេត្តកំពត និង​កំពង់ផែ​ទេសចរណ៍​ខេត្ត​កែប-កោះទន្សាយ ដែល​ទើប​សាងសង់​រួច។ តាមរយៈ​ខ្សែ​ផ្លូវជាតិ​លេខ 3 លេខ 4 លេខ 31 និង​លេខ 33 ផ្លូវជាតិ​លេខ 41 នេះ​ក៏​ត​ភ្ជាប់​ទៅ​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​នៅតាម​បណ្តា​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ។

គម្រោង​ដែលមាន​ប្រវែង​សរុប​ជាង 95 គីឡូម៉ែត្រ គិត​ចាប់ពី​ថ្នល់ទទឹង (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 4) ខេត្តកណ្តាល ទៅដល់​ស្រុក​ជុំ​គិរី (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ 3) ខេត្តកំពត នេះ នឹងត្រូវ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ឆ្នាំ 2026។ គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​សរុប​ជាង 67 លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា៕

Advertisement