ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD ពិភាក្សាគ្នា​អំពី «ការដំឡើង​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​នៅ​ទូទាំងប្រទេស»

កាលពី​ថ្ងៃទី 25 វិច្ឆិកា​កន្លងទៅ តំណាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួបពិភាក្សា​ជាមួយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា ក្នុង​បំណង​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី ការជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ កម្ពុជា និង​ការដំឡើង​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ទូទាំងប្រទេស។

យោងតាម​ក្រុមហ៊ុន BYD នៅក្នុង​ជំនួប​រវាង ក្រសួង​សាធារណការ និង​ក្រុមហ៊ុន BYD លោក Henry Yip ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYD Auto Industry បាន​ណែនាំ​នូវ​ផលិតផល​មួយ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ របស់​ក្រុមហ៊ុន BYD ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នោះ​គឺ រថភ្លើង​លើ​អាកាស (Sky Rail)។

តប​ទៅនឹង​ការបង្ហាញ​របស់ BYD ខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផែនការ​នេះ​នឹង​អាច​សម្រេចបាន​នាពេល​សមស្រប​ណាមួយ​នៅក្នុង​ពេលអនាគត។

លោក Marco Mok នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYD Cambodia បាន​ណែនាំ​នូវ​ផែនការ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុននេះ​សម្រាប់​​​ឆ្នាំ 2023 ខាងមុខនេះ​ផងដែរ។ ប៉ុន្តែ សេចក្ដីលម្អិត មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

Advertisement