គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ (ច្រកព្រំដែន​ម៉ុក​បាយ-បាវិត) -ហូជីមិញ របស់ វៀតណាម

គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ-ហូជីមិញ របស់ វៀតណាម ដែលមាន​ប្រវែង 50 គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិកា​ជាង 16.7 ទ្រី​លាន​ដុង នឹង​ត​ភ្ជាប់​ទីក្រុង​ធំជាងគេ​របស់ វៀតណាម ជាមួយនឹង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត របស់ កម្ពុជា។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បាយ-ហូជីមិញ នឹង​ត្រូវបាន​សាងសង់​ពី ទីក្រុង​ហូជីមិញ ឆ្ពោះ​មកកាន់​ច្រកព្រំដែន​អន្តរជាតិ​ម៉ុក​បាយ នៃ​ខេត្ត Tay Ninh (រោងដំរី) របស់ វៀតណាម ដែល​ជាប់​នឹង​ច្រកព្រំដែន​បាវិត នៃ ខេត្តស្វាយរៀង របស់ កម្ពុជា។

គម្រោង​​​នេះ ត្រូវបាន​អាជ្ញាធរ​វៀតណាម គណនា​ឃើញថា ត្រូវការ​ទុនវិនិយោគ​ជាង 16.7 ទ្រី​លាន​ដុង សម្រាប់​ដំណាក់កាល​ទីមួយ​ដែលត្រូវ​ស្ថាបនា​ 4 គន្លង អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។ នៅក្នុង​ទុនវិនិយោគ​សរុប​ជាង 16.7 ទ្រី​លាន​ដុង (673 លាន​ដុល្លារ​អាម៉េរិក) អ្នកវិនិយោគ​គ្រោង​នឹង​ប្រមូល​ទុន​ជិត 9.3 ទ្រី​លាន​ដុង ក្រៅពីនេះ​គឺជា​បន្ទុក​របស់ រដ្ឋ​វៀតណាម។

ខ្លោង​ទ្វារ​នៃ​ផ្លូវ​ជាតិ​មួយ​ខ្សែ​ក្នុង​ខេត្ត​ Tay Ninh

ផ្លូវ​ដែលមាន​ប្រវែង​ប្រហែល 50 គីឡូម៉ែត្រ​នេះ នឹង​ស្ថិតក្នុង ទីក្រុង​ហូជីមិញ​ជិត 24 គីឡូម៉ែត្រ និង​ប្រហែល 26 គីឡូម៉ែត្រ​ទៀត​ស្ថិតក្នុង​ខេត្ត​រោងដំរី។ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​នេះ​នឹង​ចាប់ផ្ដើម​ការស្ថាបនា​ពី​ឆ្នាំ 2024 ដល់​ឆ្នាំ 2027។

នេះ​គឺជា​ផ្លូវ​ល្បឿន​លឿន​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​សមត្ថភាព​ទាញយក​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​អន្តរជាតិ​ដែល​ត​ភ្ជាប់​រវាង ទីក្រុង​ធំ​បំផុត​របស់ វៀតណាម និង កម្ពុជា៕

Advertisement