ទីក្រុង​​​បណ្ដោយត្រង់​ប្រវែង​​ ១៧០ គីឡូម៉ែត្រ និង​កម្ពស់​ ២០០ ម៉ែត្រ របស់ អារ៉ាប៊ីសាអូឌីត កំពុង​ត្រូវ​បាន​សាងសង់

វីដេអូ​ថត​ពី​ទីខ្ពស់​បង្ហាញ​អំពី​ភាព​ស្មុគ​ស្មាញ​របស់ The Line ដែល​ជា​មហា​គម្រោង​ទីក្រុង​បណ្ដោយ​ត្រង់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​របស់ ប្រទេស​អារ៉ាប៊ីសាអូឌីត​។

វីដេអូ​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​​ដ្រោន OT Sky បង្ហាញ​ថា ​មហា​ទីក្រុង​ The Line របស់ អារ៉ាប៊ីសាអូឌីត កំពុង​ត្រូវ​បាន​សាងសង់ នេះ​បើ​តាម Arabian Business ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២១ តុលា​កន្លងទៅ។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​គ្រឿង​ចក្រ​ជា​ច្រើន​កំពុង​ធ្វើ​ការ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​។ គ្រឿង​ចក្រ​ទាំង​នេះ​កំពុង​បង្កើត​ចង្អូរ​ខ្នាត​ធំមួយ​ ជា​ទី​ដែល​គ្រោង​នឹង​ចាក់​គ្រឹះ​របស់​មហា​គម្រោង​ទីក្រុង​បណ្ដោយ​ត្រង់ The Line​។

The Line ស្ថិត​ក្នុង​គម្រោង​ធំ​ដែល​មានឈ្មោះ​ថា NEOM តម្លៃ​ ៥០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​។ នៅ​ពេល​សាងសង់​រួច​រាល់​ ទីក្រុង​នេះ​នឹង​មាន​ទទឹង ២០០ ម៉ែត្រ និង​បណ្ដោយ​ ១៧០ គីឡូម៉ែត្រ​។ អ្នក​នៅ​ក្នុង​ទីក្រុង​ The Line អាច​ផ្លាស់​ទី​ពី​ក្បាល​​ម្ខាង​របស់​ទីក្រុង​ ទៅ​កាន់​ក្បាល​ម្ខាង​ទៀត​ដោយ​ចំណាយ​ពេល​តែ​ ២០ នាទី ក្នុង​ការ​​ជិះ​​រថភ្លើង​ល្បឿន​​លឿន​។ ជញ្ជាំង​ខាង​ក្រៅ​របស់ The Line ធ្វើ​អំពី​កញ្ចក់​ កម្ពស់​ប្រហែល ៥០០ ម៉ែត្រ ខ្ពស់​ជាងអគារ Empire State (៤៥០ ម៉ែត្រ) និង​តួ Eiffel (៣៣០ ម៉ែត្រ) ទៅ​ទៀត​។

The Line ដែល​សាងសង់​លើ​ផ្ទៃ​ដីប្រមាណ​ ៣៤ គីឡូម៉ែទ្រ​ក្រឡា នឹង​ក្លាយ​ជា​ទីស្នាក់​នៅ​របស់​មនុស្ស​ចំនួន ៩ លាន​នាក់​។ ទីក្រុង​នេះ​នឹង​មាន​អ្វី​ៗ​គ្រប់​យ៉ាង មាន​ដូច​ជា សួន​សាធារណៈ​ តំបន់​សម្រាប់​អ្នក​ថ្មើរជើង សាលា​រៀន និង​កន្លែង​ធ្វើ​ការ​ជា​ដើម​។ ពលរដ្ឋ​នៅ​ទី​នេះ​អាចទៅ​ប្រើ​ប្រាស់​​គ្រប់​សេវាកម្ម​​ដោយ​ចំណាយ​ពេល​ដើរ​​​តែ​ ៥ នាទី​ប៉ុណ្ណោះ​។ The Line នឹង​មិន​មាន​ផ្លូវសាធារណៈ​សម្រាប់​រថយន្ត​ ហើយ​វា​ក៏​នឹង​មិន​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​សារ​ថា នឹង​ដំណើរ​ការ ១០០% ដោយ​ថាមពល​កកើត​ឡើងវិញ​។

រាជទាយាទ Mohammed bin Salman របស់​ អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​​ផែន​ការ​សាងសង់​ The Line ជា​លើក​ដំបូង​​កាល​ពី​ខែ​មករា ២០២១​។ គម្រោង​នេះ​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​ អារ៉ាប៊ីសាអូឌីត​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រ៉ែ​ប្រេង​។

The Line ស្ថិត​នៅ​ក្នុង​ខេត្ត Tabuk ភាគ​ពាយព្យ​នៃ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​។ ពី​ទី​នេះ​ អ្នក​ដំណើរ​អាច​ទៅ​កាន់​ ៤០% នៃ​ទីតាំង​ទាំង​ឡាយ​នៅ​លើ​ពិភពលោក​ដោយ​ប្រើ​ពេល​តែ​ ៦ ម៉ោង​ក្នុង​ការ​ជិះ​យន្តហោះ​។ អាកាស​ធាតុ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​បាន​រក្សា​ឱ្យ​នៅ​ត្រជាក់​ល្មម​ពេញ​មួយ​ឆ្នាំ​។ ទន្ទឹម​នឹង​នេះ​ ទី​តាំង​លំហ និង​បៃតង​​ទាំង​ឡាយ​នៅក្នុង​ទីក្រុង​នេះ​ នឹង​ជួយ​បង្កើន​ផាសុកភាព​សម្រាប់​អ្នក​រស់​នៅ​ អ្នក​ធ្វើ​ការ​ និង​​អ្នក​មក​លេងផងដែរ​៕

Advertisement