ស្ថានីយ​ផលិត​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​កម្លាំង ៨០០ MW លើ​សមុទ្រ​ខ្សាច់ដំបូង​នៅ កាតា

រោង​ចក្រ​អគ្គិសនី Al-Kharsaah ​ជា​គម្រោង​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​នៅ​លើ​សមុទ្រ​ខ្សាច់​ដំបូង​របស់​ ប្រទេស​កាតា ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ រដ្ឋធានី​ដូហា បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្គត់​ផ្គង់​​អគ្គិសនី​។

គម្រោង​ខាងលើ​ដែល​​មាន​ទុន​វិនិយោគ​ប្រហែល ៤៦៧ លាន​ដុល្លារ​អាម៉េរិក ​ចំណាយ​ទៅ​លើ​ផ្ទាំង​សូឡា​ ១.៨ លាន​ផ្ទាំង​ដែល​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ទំហំ​ជាង​ ១០ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​​កាល​ពី​ថ្ងៃ​ទី ១៨ តុលា​កន្លង​ទៅ​។ នេះ​គឺជា​ «ស្ថានីយផលិត​​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ធំ​បំផុត​មួយ​នៅ មជ្ឈិម​បូព៌ា» Saad Sherida al-Kaabi ប្រធាន​ក្រុមហ៊ុន​ QatarEnergy និង​ជា​ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ របស់ ប្រទេស​កាតា សង្កត់​ធ្ងន់​ដូច្នេះ​។

រោង​ចក្រ​នេះ​មាន​កម្លាំង​ដំបូង​ ៨០០ megawatt ហើយ​នឹង​ពង្រីក​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​។ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ «បណ្ដា​គំនិត​ផ្ដួចផ្ដើម​យុទ្ធ​សាស្ត្រ» ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ និង​កម្ដៅ​ក្នុង​បរិយាកាស​​នៅ កាតា។ វា​ត្រូវ​បាន​ចាប់​ផ្ដើម​ស្ថាបនា​កាល​ពី​ឆ្នាំ ២០១៦ ក្រោម​កិច្ច​សហការ​​រវាង​សាជីវកម្ម​ TotalEnergies (បារាំង) និង Marubeni (ជប៉ុន)។

នៅ​ពេល​ថ្ងៃ បច្ចេកវិទ្យា​កំណត់​ទិស​ទៅ​រកពន្លឺ​​របស់​ រោង​ចក្រ​អគ្គិសនី Al-Kharsaah នឹង​បង្វែរ​ផ្ទាំង​សូឡារ​ទៅ​តាម​ព្រះអាទិត្យ​ ដើម្បី​ទទួល​បាន​កម្ដៅ​ពេញ​លេញ​ ខណៈ​ដែល​នៅ​ពេល​យប់ ដៃយន្ត​នឹង​សម្អាត​ធូលី​នៅ​លើ​ផ្ទៃ​របស់​ផ្ទាំង​សូឡារ​។

ប្រទេស​កាតា បើទោះជា​មិន​ជឿន​លឿន​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ដទៃទៀត​​នៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស ទាក់​ទង​នឹង​ការ​​រត់​ប្រណាំង​ផ្នែក​អគ្គិសនី​កកើត​ឡើង​វិញ ប៉ុន្តែប្រទេស​នេះ​បាន​ប្រកាស​គោលដៅ​ផលិត​អគ្គិសនី​ស្អាត​​ឱ្យ​បាន ៥ gigawatt នៅ​ឆ្នាំ​ ២០៣៥​។

ក្រៅពី Al-Kharsaah ប្រទេស​កាតា ក៏​ថែម​ទាំង​មាន​គម្រោង​ផលិត​អគ្គិសនី​ពី​ផ្ទាំងសូឡារ​ខ្នាត​យក្ស​ចំនួន​ ២ ផ្សេង​ទៀត​ ដើម្បី​បង្កើន​បរិមាណ​អគ្គិសនី​កកើត​ឡើង​វិញ​ឱ្យ​បាន​​ទ្វេដង​នៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ខាងមុខ​៕

Advertisement