ស្ថានីយ​ផលិត​អគ្គិសនីដើរ​ដោយ​ពន្លឺ​​ព្រះអាទិត្យ​ខ្ពស់​ជាង​គេ​នៅ​ ប្រទេស​ចិន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​

ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ Xingchuan ​ស្ថិត​នៅ​លើ​កម្ពស់​ជាង ៣,៩០០ ម៉ែត្រ ក្នុង​ខេត្ត Sichuan ប្រទេស​ចិន​ ដែល​បាន​ចាប់​ផ្ដើម​ផលិតអគ្គិសនី​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ មាន​កម្លាំង​ ៦០០ មេហ្គាវ៉ាត់ (MW)។

បណ្ដុំ​ប្រព័ន្ធ​ផលិត​អគ្គិសនី​ដំបូង​របស់​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ Xingchuan ក្នុង​ខេត្ត Sichuan ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ និង​តភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែល​នេះ​គឺជា​ការ​ចាប់​ផ្ដើម​ដំបូង​ដែល​គម្រោង​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​កម្ពស់​ខ្ពស់​។

Xingchuan គឺជា​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ដែល​ស្ថិត​នៅ​លើ​ទីខ្ពស់​បំផុត​របស់​ ប្រទេស​ចិន​។ ស្ថានីយ​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​វិនិយោគ​អគ្គិសនី​រដ្ឋ​ចិន​ សាងសង់​នៅ​លើ​តំបន់​វាល​ស្មៅ Dinggong ដែល​មាន​កម្ពស់​ចាប់​ពី ៣,៩០០ ដល់ ៤,៥០០ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។

ស្ថានីយ​ Xingchuan ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​ក្លាយ​ជា​ថ្នាល​ថ្នាក់​ជាតិ​សម្រាប់​ការ​សាកល្បង​ក្នុង​បំណង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម​អគ្គិសនី​ព្រះអាទិត្យ​ និង​ការ​រក្សា​ថាមពល​។ ស្ថានីយ​នេះ​មាន​ ៥ តំបន់​សម្រាប់​ការ​សាកល្បង​ និង​ការ​បញ្ជាក់​អំពី​បច្ចេកវិទ្យា​​ផ្គត់​ផ្គង់​ទិន្នន័យ​សម្រាប់ការ​​ពិនិត្យប្រៀប​ធៀប​ក្នុង​ការ​​​រចនា​ ដំណើរ​ការ​ និង​ការ​ជ្រើស​រើស​ឧបករណ៍​សម្រាប់​បណ្ដា​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​នៅ​តំបន់​ខ្ពស់ខ្លាំង​ និង​ខ្ពស់​មធ្យម​​នៅ​លើ​ពិភពលោក​។

ដោយ​មាន​ផ្ទាំង​សូឡា​​ដែល​មាន​កម្លាំង​សរុប​ ៦០០ MW គ្រប​ដណ្ដប់​តំបន់​មួយ​ដែល​មាន​ទំហំ ៩១០ ហិកតា ស្ថានីយ Xingchuan អាច​ផលិត​អគ្គិសនី​ប្រចាំ​ឆ្នាំ​ជាមធ្យម​បាន​ប្រហែលជាង ១.២ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង​ ដែល​ជួយ​សំច័យ​ធ្យូង​ថ្ម​ប្រហែល ៣៩០,០០០ តោន​ និង​កាត់បន្ថយ​ឧស្ម័ន​ កាបូនឌីអុកស៊ីត ១.០៧ លាន​តោន​ ជា​រៀង​រាល់​ឆ្នាំ​៕

Advertisement