អង់គ្លេស​ជំរុញ​ឱ្យ​មាន​ «គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​បៃតង​» នៅ អាស៊ីអាគ្នេយ៍

ប្រទេស​អង់គ្លេស​ មាន​បំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​ តំបន់​អាស៊ី​អាគ្នេយ៍ មាន​ដូចជា ឥណ្ឌូណេស៊ី កម្ពុជា ហ្វ៊ីលីពីន វៀតណាម និង​ប្រទេស​មួយចំនួន​ទៀត​។

ខាងលើ​នេះ​គឺជា​ការ​អះអាង​របស់​ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស James Cleverly នៅ​ពេល​ធ្វើ​ទស្សនកិច្ច​មក​កាន់​ អាស៊ី ក្នុងនោះ​មាន​ ជប៉ុន កូរ៉េខាង​ត្បូង និង​ សិង្ហបុរី​ ជា​ដើម​។ល។

ការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​ហិរញ្ញវត្ថុ ជំនួយ​សម្រាប់​បណ្ដា​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​និរន្តរ​ភាព​ មានដូច​ជា ថាមពល​កកើត​ឡើង​វិញ ចរាចរណ៍​ស្អាត ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​នៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ គឺជា​អាទិភាព​របស់​ រាជរដ្ឋាភិបាល​អង់គ្លេស​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ អង់គ្លេស​ និង​ អាស៊ាន កាន់​តែ​ស៊ីជម្រៅ​។

កន្លង​ទៅថ្មី​ៗ​នេះ អង់គ្លេស និង ធនាគារ​អភិវឌ្ឍ​អាស៊ី ក៏​​បាន​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​​ជាមួយ​គ្នា​ ទាក់​ទង​នឹង​ការ​បង្កើត​មូលនិធិ​មួយ​ដែល​មានតម្លៃ​ ១០៧ លាន​ផោន (ប្រហែល ១៣៤ លានដុល្លារ​អាម៉េរិក) សម្រាប់​ជួយ​ដល់​ការ​ប្រឹង​ប្រែង​របស់ អាស៊ាន ក្នុងការ​ពង្រីក​ទំហំ​ហិរញ្ញវត្ថុ​បៃតង និង​ងាក​ទៅ​រក​ការ​អភិវឌ្ឍ​ដែល​បំភាយ​ឧស្ម័ន​តិច អាច​ទប់​នឹង​នឹង​អាកាស​ធាតុ​ផងដែរ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើ លោក James Cleverly ក៏​បាន​បញ្ជាក់​ថា «រដ្ឋាភិបាល​អង់គ្លេស មាន​បំណង​ចំណាយ​ ៥៤២.៣ លាន​ដុល្លារ​ តាម​រយៈ​មូលនិធិវិនិយោគ​អភិវឌ្ឍ​អង់គ្លេស សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ទៀត​។ យើង​នឹង​សហការ​ជាមួយ​ដៃគូរដ្ឋ និង​ឯកជនក្នុង​តំបន់ ដើម្បី​ជួយ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​គុណ​ភាព​ខ្ពស់​នៅ ឥណ្ឌូណេស៊ី វៀតណាម ហ្វ៊ីលីពីន កម្ពុជា និង​ ឡាវ»៕

Advertisement