ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ប្រទេស​ចិន ស្ថាបនា​​ជិត​​រួច​រាល់​​ហើយ (វីដេអូ)

ផ្លូវដែក​ប្រវែង ២៧៧ គីឡូម៉ែត្រ អាច​រត់​បាន ៣៥០ គីឡូ​ម៉េ​ត្រ/ម៉ោង គ្រោង​នឹង​ជួយ​ឱ្យ​ការធ្វើដំណើរ​រវាង Fuzhou និង Xiamen ចុះមក​នៅត្រឹមតែ ១ ម៉ោង។

ការដំឡើង​ផ្លូវដែក​នៃ​គម្រោង​សម្រាប់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ប្រទេស​ចិន ត្រូវបាន​បង្ហើយ​កាលពី​ថ្ងៃទី ៣០ សីហា នៅក្នុង​ខេត្ត Fujian។

ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​បណ្ដាញ​ផ្លូវដែក​ល្បឿន​លឿន ៨ ខ្សែបណ្ដោយ និង ៨ ខ្សែទទឹង​របស់ ប្រទេស​ចិន ផ្លូវដែក Fuzhou-Xiamen ​ប្រវែង ២៧៧.៤២ គីឡូម៉ែត្រ​ខាងលើ នឹង​ជួយ​ត​ភ្ជាប់​ Fuzhou ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Fujian ជាមួយនឹង​ទីក្រុង​កំពង់ផែ Xiamen។

គម្រោង​ផ្លូវដែក​នេះ​ត្រូវបាន​រំពឹងថា នឹង​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំង ២ ខាងលើ មក​នៅត្រឹម ១ ម៉ោង ដោយសារ​អាចឱ្យ​បើកបរ​ក្នុង​ល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង និង​មាន​ចំណត​ចំនួន ៨ កន្លែង។

ក្រុម​អ្នក​សាងសង់​ត្រូវ​ឆ្លងកាត់​ការលំបាក​ជាច្រើន និង​ប្រើប្រាស់​មធ្យោបាយ​ដំឡើង​ផ្លូវដែក​ទំនើប​បំផុត​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព។

Zhang Xiaofeng ដែលជា​បុគ្គលិក​នៃ​គម្រោង​ផ្លូវដែក Fuzhou-Xiamen បានឱ្យដឹងថា «ធៀប​នឹង​ការដំឡើង​ផ្លូវដែក​តាម​ធម្មតា (ការប្រើប្រាស់​បច្ចេកទេស​ទំនើប) ប្រសិទ្ធភាព​បាន​កើនឡើង ៦០%។ ក្នុង ១ ថ្ងៃ គេ​អាច​ដំឡើង​ផ្លូវដែក​ប្រមាណ ៦ គីឡូម៉ែត្រ។

គម្រោង​ស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​នេះ​គ្រោង​នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ ២០២៣។

នៅ ប្រទេស​ចិន ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ផ្លូវដែក​ប្រវែង​ជាង ២ ពាន់​គីឡូម៉ែត្រ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការរួច​ហើយ​៕

Advertisement