ប្រទេស​ថៃ ប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ដំបូង

គម្រោងស្ថាបនាផ្លូវដែកល្បឿនលឿនដំបូងរបស់ ប្រទេសថៃ ដែលចាប់ផ្ដើមពី រាជធានីបាងកក ទៅកាន់ទីក្រុង Nong Khai ខេត្ត Nong Khai ភាគឦសានប្រទេស

ផ្លូវដែក​នេះ នៅពេល​ស្ថាបនា​រួចរាល់​នឹង​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវដែក​ល្បឿន​លឿន​ចិន-ឡាវ នៅក្នុង​បណ្ដាញ​ផ្លូវដែក​មួយ​ត​ភ្ជាប់​ពី​តំបន់ Kunming ប្រទេស​ចិន ទៅកាន់ សិង្ហ​បុរី។

កាលពី​ថ្ងៃទី ២៨ សីហា អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Traisuree Taisaranakul បានឱ្យដឹងថា ការអនុវត្ត​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​រវាង រាជធានី​បាងកក និង​ទីក្រុង Nong Khai ខេត្ត Nong Khai នៅ​ភាគ​ឦសាន​ប្រទេស​នេះ កំពុងដំណើរការ​ទៅតាម​ការកំណត់។

ដំណាក់កាល​ទីមួយ​នៃ​គម្រោង​ស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ដែលមាន​ប្រវែង ២៥០ គីឡូម៉ែត្រ ពី បាងកក ទៅកាន់ Nakhon Ratchasima គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ ២០២៦។

ដំណាក់កាល​ទី​ពីរ​របស់​គម្រោង​ផ្លូវដែក​ខាងលើ មាន​ប្រវែង ៣៥៧ គីឡូម៉ែត្រ ភ្ជាប់​ពី Nakhon Ratchasima ទៅកាន់ Nong Khai បច្ចុប្បន្នកំពុង​ត្រូវបាន​វាយតម្លៃ​អំពី​ផលប៉ះពាល់​ដល់​បរិស្ថាន។

អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ ក៏បាន​បង្ហើប​ឱ្យដឹងថា នាយកដ្ឋាន​ផ្លូវ​ល្បឿន​លឿន​នៃ​ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន​ថៃ កំពុងតែ​សហការ​ជាមួយ​ភាគី ឡាវ ដើម្បី​សាងសង់​ស្ពាន​មួយកន្លែង​ដែល​ឆ្លងកាត់​ទន្លេមេគង្គ ដើម្បី​បម្រើឱ្យ​ផ្លូវដែក​ល្បឿន​លឿន​ខាងលើ​ផងដែរ។ ការពិភាក្សា​លម្អិត​អំពី​គម្រោង​សាងសង់​ស្ពាន​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែតុលា ២០២២។

នេះ​គឺជា​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​របស់ ប្រទេស​ថៃ។ ផ្លូវដែក​នេះ នៅពេល​ស្ថាបនា​រួចរាល់​នឹង​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវដែក​ល្បឿន​លឿន​ចិន-ឡាវ នៅក្នុង​បណ្ដាញ​ផ្លូវដែក​មួយ​ត​ភ្ជាប់​ពី​តំបន់ Kunming ប្រទេស​ចិន ទៅកាន់ ប្រទេស​សិង្ហ​បុរី៕

Advertisement