«ទីក្រុងរង្វង់​​មូល» មាន​បរិវេណ ៣,០០០ ម៉ែត្រ ព័ទ្ធជុំវិញ​អគារខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក

(អេ​មី​រ៉ា​ត​អារ៉ាប់​រួម-UAE)-ក្រុមហ៊ុនមួយ​នៅ Dubai បានបង្ហាញ​រចនា​រូបរាង​នៃ​ទីក្រុង​រង្វង់​មូល​កម្ពស់​ប្រមាណ ៥០០ ម៉ែត្រ ខាងក្នុង​មាន​ខ្សែក្រវាត់​បៃតង​ដែលមាន​ប្រព័ន្ធ​ជីវសាស្ត្រ​យ៉ាង​សម្បូរបែប។

ក្រុមហ៊ុន Dubai ZNera Space លើកឡើង​នូវ​គំនិត​ស្ដីពី​ការសាងសង់ Downtown Circle ជាទី​ក្រុង​រង្វង់​មូល​កម្ពស់ ៥៥០ ម៉ែត្រ ដែល​ព័ទ្ធជុំវិញ​អគារ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក Burj Khalifa (កម្ពស់ ៨២៨ ម៉ែត្រ) នេះ​បើ​តា​សារព័ត៌មាន Design Boom ចេញផ្សាយ​កាលពី​ម្សិលមិញ។ ទីក្រុង​រង្វង់​មូល​នេះ​នឹងមាន​បរិវេណ​ប្រវែង ៣,០០០ ម៉ែត្រ។

Downtown Circle នឹង​ក្លាយជា​សំណង់​ដ៏​មហិមា​មួយ​ដែល​លេចធ្លោ​ជាងគេ​ដោយសារ​រចនារូប​រាង​​ចម្លែក​របស់​វា។ ទីក្រុង​នេះ​មាន​គ្រប់យ៉ាង​ដែល​ទីក្រុងធំៗមាន និង​ឆ្ពោះទៅកាន់​ស្ថិរភាព​យូរអង្វែង​ព្រោះតែ​អាច​ផ្គត់ផ្គង់​គ្រប់យ៉ាង​ដោយ​ខ្លួនឯង។

ទីក្រុង Downtown Circle នឹងមាន ៥ ជាន់សំខាន់ៗ និង​ត្រូវបាន​បែង​ជា​ផ្នែកតូចៗដើម្បី​បង្កើតបានជា​បរិស្ថាន​សាធារណៈ ពាណិជ្ជកម្ម តំបន់​ស្នាក់នៅ និង​តំបន់​វប្បធម៌។ Downtown Circle ត្រូវបាន​ទ្រទ្រង់​ដោយ​សសរ​ត្រង់ធំៗជាច្រើន។

សំណង់​នេះ​រួមមាន​រង្វង់​មូល​ពីរ​ស្រទាប់​ដែល​ត​ភ្ជាប់​គ្នា​ដោយ​ខ្សែ​ក្រវាត់បៃតង​ទាំងស្រុង ដែល​ហៅថា Skypark។ Skypark ផ្ដល់​បរិយាកាស​ស្រស់ស្រាយ ពន្លឺ​ធម្មជាតិ​ពេញ​បរិបូរ និង​អាច​គយគន់​ទីក្រុង​ទាំងមូល​យ៉ាង​ពេញភ្នែក។ នៅ​ជុំវិញ Skypark គឺជា​ការិយាល័យ មជ្ឈមណ្ឌល​ស្រាវជ្រាវ ទីតាំង​វប្បធម៌ និង​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​ដែល​ដើរតួនាទី​ដូច​ទៅនឹង​ប្រព័ន្ធ​សួត។ នៅក្នុង​ខ្សែ​ក្រវាត់បៃតង​នេះ ក្រុមហ៊ុន ZNera Space នឹង​ផ្គត់ផ្គង់​អាកាសធាតុ និង​បរិស្ថាន​រស់នៅ​តាមបែប​ធម្មជាតិ​សម្បូរបែប រួមមាន ជ្រលង​ភ្នំ ទួល​ដីខ្សាច់ បឹង​ភក់ ជ្រោះ​ទឹកធ្លាក់ ល្អាង​ភ្នំ និង​វាលស្មៅ​ត្រូពិច​ជាដើម។

ក្រុមហ៊ុន ZNera Space មានបំណង​ប្រែក្លាយ Downtown Circle ទៅជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រព័ន្ធ​ជីវសាស្ត្រ​ទីក្រុង។ Downtown Circle ក៏​នឹងមាន​បណ្ដាញ​ផ្លូវដែក​ដែល​អនុញ្ញាតឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោងផង​ដែរ​៕

Advertisement