គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខ

ស្ពានអាកាស​ក្បាល​ថ្នល់

រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​ត្រៀម​ទីតាំង​សម្រាប់​រៀបចំ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន ២ ទៀត​ក្នុងពេលឆាប់ៗមុខ​នេះ ដើម្បី​សម្រួល​ចរាចរណ៍ នេះ​បើតាម លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃទី ១៩ សីហា នៅលើ​ទំព័រ​បណ្ដាញ​សង្គម លោក​នួន ផា​រ័ត្ន បានសរសេរថា «ចូលរួម​ជាមួយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ត្រង់ចំណុច​ប្រសព្វ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន, វិថី​កងយោធពល​ខេមរភូមិន្ទ និង​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន»។

អភិបាលរង​រាជធានី​ភ្នំពេញ លោក លោក​នួន ផា​រ័ត្ន បាន​បន្តថា ក្រៅពី​ស្ពាន​អាកាស​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង «សាងសង់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុស្សី និង​មហាវិថី​សម្តេចចៅហ្វា​វាំង» ផងដែរ។

លោក​អភិបាលរង​បញ្ជាក់ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទាំងនេះ នឹងត្រូវ​រៀបចំ​ក្នុងពេលឆាប់ៗខាងមុខ។

ក្នុង​រង្វង់មូលគឺ​ជា​ចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន, វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន
Advertisement