គម្រោង​សាងសង់​រដ្ឋធានី​ថ្មី​របស់ ឥណ្ឌា​ណេ​ស៊ី ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគធំៗ

យោងតាម​ប្រភពព័ត៌មាន​ពី ហ្សា​ការ​តា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​ពីរ​គឺ Foxconn និង Fosun បាន​សម្ដែង​ការចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​ទៅលើ​គម្រោង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាងកើត បន្ទាប់ពី​ក្រុមហ៊ុន SoftBank របស់ ជប៉ុន ដកខ្លួន​ថយ​កាលពី​ខែ​មីនា។

រដ្ឋមន្ត្រីក្រសួង​វិនិយោគ Bahlil Lahadalia ថ្លែងថា ក្រុមហ៊ុន Foxconn និង Fosun កំពុង​ស្វែងយល់​អំពី​លទ្ធភាព​វិនិយោគ​ទៅលើ IKN ក្នុងនោះ Foxconn ពិនិត្យមើល​លើ​ការផ្គត់ផ្គង់​ថ្នាល​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាត​វៃ​ទៅឱ្យ Nusantara។ លោក Bahlil បន្ថែមថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) នៅតែ​អះអាងថា រក្សា​ការសន្យា​ក្នុងការ​វិនិយោគ​យ៉ាងតិច ២០ ពាន់​លាន​ដុល្លារ​ទៅក្នុង​គម្រោង​នេះ។

រដ្ឋាភិបាល​របស់លោក Jokowi បានប្រកាស​គម្រោង​រើ​រដ្ឋធានី​ទៅកាន់​ខេត្ត Kalimantan ខាងកើត ដែល​ស្ថិតនៅលើ​កោះ Borneo ក្រោយពី​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ ២០១៩។ ដើមឆ្នាំ​នេះ សភា​ជាន់​ទាប​បានអនុម័ត​ច្បាប់​ស្ដីពី IKN ហើយ​រដ្ឋាភិបាល​ក៏បាន​ដាក់​ដេញថ្លៃ​សម្រាប់​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅក្នុង​តំបន់​នេះ។

គម្រោង​នេះ ដំបូង​ឡើយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​អន្តរជាតិ ក្នុងនោះ​មាន Softbank និង UAE ផងដែរ។ ស្ថាបនិក​របស់ Softbank លោក Masayoshi Son ត្រូវបាន​បោះឆ្នោត​ឱ្យធ្វើជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការតាមដាន​គម្រោង IKN រួម​ជាមួយនឹង​ព្រះអង្គម្ចាស់ Abu Dhabi Mohammed Bin Zayed AI Nahyan និង អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Tony Blair។ ប៉ុន្តែ កាលពី​ខែមីនា ក្រុមហ៊ុន Softbank បានប្រកាស​ដកខ្លួន​ចេញពី​គម្រោង​នេះ។

ឥណ្ឌូណេស៊ី ព្យាករ​ថា គម្រោង​សាងសង់រដ្ឋធានី​ថ្មី នឹង​ចំណាយ​ពេល​ពី ១៥ ទៅ ២០ ឆ្នាំ

Fosun International គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់ ប្រទេស​ចិន ដោយមាន​ចំណូល​សរុប ២៥ ពាន់​លាន​ដុល្លារ និង​ទ្រព្យ​សរុប ១២៦ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២១។ តំណាង​របស់ Fosun បាន​ទៅកាន់ ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៤ កក្កដា និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ ប្រធានាធិបតី Jokowi កាលពី​ថ្ងៃទី ៥ កក្កដា។ ចំណែក Foxconn ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ មាន​ចំណូល​សរុប ២០១ ពាន់​លាន​ដុល្លារ និង​ចំណេញ ៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១។

យោងតាម​លោក Bahlil ក្រុមហ៊ុន Foxconn ចង់​វិនិយោគ​ទៅលើ​គម្រោង IKN។ ក្រៅពី​គម្រោង IKN ក្រុមហ៊ុន Foxconn ថ្មីៗនេះ​ក៏បាន​បង្ហាញ​អំពី​បំណង​វិនិយោគ​ទៅលើ​វិស័យ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី និង​ព័ត៌មានវិទ្យា (ITC) របស់ ឥណ្ឌូណេស៊ី ដោយមាន​ទឹកប្រាក់​សរុប ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

លោក Bahlil ឱ្យដឹងថា Foxconn នឹង​ចាប់ផ្ដើម​ការវិនិយោគ​ទៅលើ​គម្រោង​ខាងលើ​នៅក្នុង​ត្រីមាស​ទី៣ ឬ​ទី៤ ឆ្នាំនេះ ដោយ​ការសាងសង់​បណ្ដា​រោងចក្រ​នៅក្នុង​តំបន់ឧស្សាហកម្ម Batang។

ចំណាប់អារម្មណ៍​របស់​​បណ្ដា​ក្រុម​ហ៊ុន​វិនិយោគ​​ធំៗ​ទៅលើ IKN កើតមានឡើង​ក្នុង​គ្រា​ដែល​កំពុងមាន​ការសង្ស័យ​អំពី​លទ្ធភាព​នៃ​វត្តមាន​របស់​គម្រោង​នេះ នេះ​បើតាម​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​កាលពីពេលថ្មីៗនេះ​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS៕

Advertisement