កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ ផលិត​អគ្គិសនី​បាន ១ ពាន់​លាន​គីឡូវ៉ាត់ម៉ោង

(ប្រទេស​ចិន)-ដោយមាន​សមត្ថភាព​ដំឡើង​សរុប ១.‌១ GW កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ Rudong នៅពេល​ដំណើរការ​ពេញលេញ អាច​ផលិត​អគ្គិសនី​បាន ២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ។

គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ​ដំបូង​របស់ ទ្វីបអាស៊ី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ចរន្តជាប់​ប្រកបដោយ​ភាពបត់បែន​ខ្ពស់​នេះ ផលិត​អគ្គិសនី​បាន​ជាង ១ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​រួចហើយ រាប់​ចាប់តាំងពី​បាន​ដំណើរការ​ដំបូង​កាលពី​ខែធ្នូ ២០២១។

គម្រោង Rudong អាចជួយ​ដល់​កម្លាំង​ប្រតិកម្ម ជា​អ្វីដែល​បច្ចុប្បន្ន​គឺជា​បច្ចេកវិទ្យា​សំខាន់​នៅក្នុង​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ថ្មី និង​ធ្វើឱ្យ​បណ្ដាញ​អគ្គិសនី​មាន​តុល្យភាព។

ដើម្បី​បំប្លែង​អគ្គិសនី​ដែល​បានមកពី​កម្លាំង​ខ្យល់ ឱ្យទៅជា​អគ្គិសនី​ចរន្តជាប់ និង​បញ្ជូន​ចូលមក​កាន់​ដីគោក​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ កសិដ្ឋាន​អគ្គិសនី​នេះ​ប្រើប្រាស់​ប្រព័ន្ធ​បំប្លែង​មួយ​ដែលមាន​ទម្ងន់ ២២,០០០ តោន និង​កម្ពស់​ស្មើនឹង​អគារ ១៥ ជាន់ មាន​កម្លាំង​បញ្ជូន ១,១០០ MW។ បច្ចុប្បន្ន នេះ​គឺជា​ប្រព័ន្ធ​បំប្លែង​អគ្គិសនី​នៅលើ​លម្ហ​សមុទ្រ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។

កសិដ្ឋាន​អគ្គិសនី Rudong រួមមាន ៣ តំបន់ ៖ 300 MW H8, 400 MW H6 និង 400 MW H10។ នៅពេល​ដំណើរការ​ពេញលេញ វា​អាច​ផលិត​អគ្គិសនី​បាន ២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ នេះ​បើតាម​ក្រុមហ៊ុន​ចិន China Three Gorges។

Advertisement