រោងចក្រ​វា​រី​អគ្គិសនីខ្នាត​តូច​មួយ ដែល​សាងសង់​ដោយ​ប្រាក់​រៃអង្គាស​បាន​ នៅ ប្រទេស​កុង​ហ្គោ

អ្នកស្រី Alphonsine Ciza ចំណាយពេល​ទាំងថ្ងៃទាំងយប់ ដោយ​ពាក្យ​ស្បែកជើង​កវែង មួក​ការពារ​សុវត្ថិភាព ដើម្បី​គ្រប់គ្រង​រោងចក្រ​វា​រី​អគ្គិសនី​ដ៏​តូច​មួយ​ដែល​អ្នកស្រី​បាន​កសាងឡើង ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​នៅក្នុង​ទីរួមស្រុក Miti នៅ ប្រទេស​កុង​ហ្គោ។

សារព័ត៌មាន Reuters របស់ អង់គ្លេស ឱ្យដឹងថា អ្នកស្រី Alphonsine Ciza ធ្វើការ​ជាមួយ​ក្រុម​ដូនជី និង​វិស្វករ ដើម្បី​គ្រប់គ្រង​រោងចក្រ​វា​រី​អគ្គិសនី​តូច​មួយ​ដែល​ដំណើរការ​ដោយ​ពឹង​ទៅលើ​បឹង​មួយ​ក្បែរ​នោះ។

រោងចក្រ​នេះ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​គិតថ្លៃ​សម្រាប់​វិហារ​មួយ, កន្លែង​ស្នាក់នៅ​របស់​បុព្វ​ជិត​មួយ, សាលារៀន​ពីរ​កន្លែង និង​មន្ទីរពេទ្យ​តូច​មួយ។ មិនមាន​រោងចក្រ​នេះ​ទេ ប្រជាជន​ក្នុង​ទីរួមស្រុក​ប្រមាណ ៣០០,០០០ នាក់ នឹងមាន​អគ្គិសនី​ប្រើប្រាស់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ ក្នុង ១ សប្ដាហ៍។

ដូនជី Alphonsine Ciza

បញ្ហា​ដាច់​ភ្លើងអគ្គិសនី​កើនឡើង​ជា​ញឹកញាប់​នៅ កុង​ហ្គោ ដែលជា​ប្រទេសមួយ​មាន​ប្រជាជន ៩០ លាន​នាក់ នៅ អាហ្វ្រិក​កណ្ដាល។ ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ចម្បង​របស់​ប្រទេស​នេះ​គឺ​ប្រព័ន្ធ​វា​រី​អគ្គិសនី​ដែល «ជិត​អស់​ថាមពល» និង​ការគ្រប់គ្រង​មិនបាន​ល្អ។

រដ្ឋាភិបាល​កុង​ហ្គោ បាន និង​កំពុងធ្វើការ​ជាមួយ​ដៃគូ​បរទេស ដើម្បី​បង្កើន​ផលិតភាព។ ក៏ប៉ុន្តែ មានការ​រិះគន់ថា គម្រោង​វា​រី​អគ្គិសនី​ថ្មី​នានា ផ្ដោតទៅលើ​តែ​ការផ្គត់ផ្គង់​ថាមពល​ដល់​បណ្ដា​អណ្ដូងរ៉ែ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង។

យោងតាម​ធនាគារពិភពលោក (WB) បច្ចុប្បន្ន នៅ កុង​ហ្គោ ប្រជាជន​ប្រមាណ ២០% ប៉ុណ្ណោះ បាន​ប្រើប្រាស់​អគ្គិសនី។ ដោយសារតែ​ហត់នឿយ​នឹង​ការអុជ​ទៀន និង​បញ្ឆេះ​ម៉ាស៊ីនភ្លើង បព្វជិត Ciza ក៏បាន​ចាប់ផ្ដើម​រៃអង្គាស​ថវិកា​កាលពី​ឆ្នាំ ២០១៥ ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី។

ក្រោយ​រយៈបេល ៣ ឆ្នាំ ដូនជី Ciza ក៏​រៃអង្គាស​បាន ២៩៧,០០០ ដុល្លារ​អាម៉េរិក និង​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​តូច​មួយ​ដែល​ផលិត​បាន​ពី ០.០៥ ដល់ ១ គីឡូវ៉ាត់។

ដោយសារ​ការប្រឹងប្រែង​របស់​ដូនជី Ciza សិស្ស​នៅ​សាលា​អនុវិទ្យាល័យ Maendeleo នៃ​ទីរួមស្រុក Miti អាច​រៀន​ជំនាញ​កុំព្យូទ័រ​ពី​អេក្រង់​ពិត ជំនួស​ឱ្យ​សៀវភៅ។

នាយក​សា​សា Mweze Nsimire Gilberte ថ្លែងថា «កាលពីមុន មាន​អគ្គិសនី​តែ​នៅ​ពេលយប់ នៅពេល​សិស្ស​បានចេញ​ពីសា​លា។ ការ​ដែលមាន​អគ្គិសនី​ប្រើប្រាស់​ដូច្នេះ ពិតជា​ធ្វើឱ្យ​យើង​បាន​ធូរស្រាល​ក្នុង​ចិត្ត»៕

Advertisement