(វីដេអូ)-គម្រោង​​ផលិត​​អគ្គិសនី​​ដើរ​​ដោយ​​ថាមពល​ព្រះ​អាទិត្យ​ និង​​ជំនោរ​-​លំនាច​​ទឹក​សមុទ្រ ​ដំបូង​​គេ​​បង្អស់​​​នៅ ​ប្រទេស​​ចិន

ប្រទេស​ចិន កំពុង​ដំឡើង​ផ្ទាំង​សូ​ឡា​នៅលើ​កសិដ្ឋាន​ផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ-លំនាច​ទឹកសមុទ្រ ធំ​បំផុត​របស់​ប្រទេស​នេះ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត​អគ្គិសនី។

នេះ​គឺជា​គម្រោង​ផលិត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ និង​ជំនោរ-លំនាច​ទឹកសមុទ្រ​ដំបូង​គេ​បង្អស់​នៅ ប្រទេស​ចិន។ តាម​ផែនការ កសិដ្ឋាន​ផលិត​អគ្គិសនី​នេះ នឹង​បើក​ដំណើរការ​ចាប់ពី​ខែឧសភា ឆ្នាំ ២០២២។ គម្រោង​នេះ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Wenling នៃ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន​។

គម្រោង​នេះ ដំបូង​ឡើយ​ត្រូវបាន​ស្ថាបនា​ជា​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ​ទឹក-លំនាច​នៃ​ទឹកសមុទ្រ​ធំ​បំផុត​របស់ ប្រទេស​ចិន ប៉ុន្តែ ក្រោយមក ផ្ទាំង​សូ​ឡា​នានា​ដែលមាន​ទំហំ​សរុប​ជាង ១៣៣ ហិកតា ក៏ត្រូវ​បាន​ដំឡើង​បន្ថែម​ពីលើ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត​អគ្គិសនី។

ប្រព័ន្ធ​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ-លំនាច​ទឹកសមុទ្រ និង​ប្រព័ន្ធ​ស្រូប​កម្ដៅ​ព្រះអាទិត្យ​នឹង​ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១០០ លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង​ការប្រើប្រាស់​ធ្យូងថ្ម​ជាង ៣១,០០០ តោន នៅក្នុង​វិស័យ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្ដៅ​ធ្យូងថ្ម ដូច្នេះ វា​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ប្រហែល​ជាង ៨៤,០០០ តោន ជា​រៀងរាល់ឆ្នាំ។

Advertisement