អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ដែលជា​ជំនួយ​របស់ កូរ៉េខាងត្បូង នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​ដើម​សប្ដាហ៍​ក្រោយ

អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដែលមាន​តម្លៃ ៨ លាន​ដុល្លារ​អាម៉េរិក នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ​បើតាម មន្ត្រី​រដ្ឋាភិបាល។

សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្ដល់​ជំនួយឥតសំណង សម្រាប់​ការសាងសង់​អគារ​ដែលមាន​តម្លៃ ៨ លាន​ដុល្លារ​អាម៉េរិក នេះ។ អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ ត្រូវបាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ ២០២០។

ក្រោយ​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ អគារ​ព្យាបាល​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ការវះកាត់ ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ប្រកបដោយ​គុណភាព​ខ្ពស់ ដោយ​ត្រូវបាន​បំពាក់​បរិក្ខា​ទំនើប​បំផុត រួម​នឹង​សមត្ថភាពរបស់​ក្រុម​វេជ្ជបណ្ឌិត និងបុគ្គលិក ដែល​ត្រូវ​បាន​បណ្តុះបណ្តាល និង ការផ្ទេរជំនាញ​ ឯកទេស​​ពីវេជ្ជបណ្ឌិត ជនជាតិកូរ៉េ។

អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ មាន​ទីតាំង​នៅក្នុង​បរិវេណ​នៃ មន្ទីរពេទ្យ​ព្រះអង្គដួង ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី ១, ខណ្ឌ​ដូង​ពេញ, រាជធានី​ភ្នំពេញ តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម និង​ក្បែរ​រង្វង់​មូល​វត្តភ្នំ៕

Advertisement