គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​បញ្ជាក់​កាន់តែច្បាស់ ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​ UNDP

ក្រសួង​សាធារណការ នឹង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ កម្ពុជា។

នា​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ២ កុម្ភៈ ២០២២ ក្នុងឱកាស​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយិកា Alissar Chaker លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ក្នុងនោះ​មានដូចជា​គម្រោង​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជាដើម។

គម្រោង​មួយចំនួន​ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅក្នុង​ជំនួប​ខាងលើ មានដូចជា គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) គម្រោង​នាំចូល​រថយន្តចាស់ៗ និង​គម្រោង​ជួប​ពិភាក្សា​​ជា​មួយ​​នឹង​​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាក់ទង​នឹង​ការដំឡើង​ស្ថានីយ៍​បញ្ចូល​ថាមពល​ថ្ម​រថយន្ត EVs ផងដែរ។

គណៈប្រតិភូ​របស់ UNDP បានលើកឡើង​អំពី​និន្នាការ​ពិភពលោក​ឆ្ពោះទៅរក​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​បម្រែបម្រួល​អាកាសធាតុ ព្រមទាំង​បានស្នើ ឱ្យ​ក្រសួង​ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សហការ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាក់ទង​នឹង​បញ្ហា​នេះ។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ពិភាក្សា​ជាមួយ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុងការ​បម្រើសេវា​របស់​ពួកគេ។

ការណែនាំ​របស់លោក រដ្ឋមន្ត្រី គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​គណៈប្រតិភូ UNDP និង​គម្រោង ផែនការ រួម​នឹង​និង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក​របស់ កម្ពុជា៕

Advertisement