ទស្សនា​​ទិដ្ឋភាព​ចំការ​បណ្ដែត​ទឹក​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំជាងគេ​ក្នុង​ពិភពលោក

ចំការ​បណ្ដែត​ទឹក​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំជាងគេ​ក្នុង​ពិភពលោក ដែល​ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ ប្រទេស​ថៃ មាន​ទំហំ​ធំ​ជាង ១០០ ដង បើ​ធៀប​នឹង​ទីលាន​បាល់ទាត់។

យោងតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ថៃ (EGAT) ចំការ​ផលិត​អគ្គិសនី​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី Sirindhorn ដែល​ស្ថិតនៅលើ​ទន្លេ Lam Dom Noi ក្នុង​ខេត្ត Ubon Ratchathani ចម្ងាយ​ពី រដ្ឋធានី​បាងកក ប្រហែល ៦៦០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត។ រោងចក្រ​នេះ​ត្រូវបាន​ដំណើរការ​ទៅតាម​រូបមន្ត​បច្ចេកវិទ្យា «កូនកាត់»។

នៅពេល​ថ្ងៃ ផ្ទាំង​សូ​ឡា​ចំនួន ១៤៥,០០០ ផ្ទាំង ដែល​ត្រូវបាន​ដំឡើង​នៅក្នុង​គម្រោង មាន​តួនាទី​បង្កើត​អគ្គិសនី​ដោយ​ប្រមូល​ថាមពល​ពី​ព្រះអាទិត្យ។ ចំណែក​ពេលយប់​វិញ វា​នឹង​បន្ត​ផលិត​អគ្គិសនី​ដោយមាន ទួ​រ​ប៊ី​ន ខ្នាត​ធំ ដែល​បាន​ដំឡើង​នៅក្នុង​ទន្លេ​ដើម្បី​ប្រើប្រាស់​កម្លាំង​ទឹក​ហូរ។

ចំការ​អគ្គិសនី Sirindhorn ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ចំនួន ៣៤ លាន​ដុល្លារ​អាម៉េរិក និង​ផ្ដល់​ថាមពល ៤៥ MW។

ចំការ​ផលិត​អគ្គិសនី Sirindhorn ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃ​ទឹក​ទំហំ ១២០ ហិកតា ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន ១២០ បូក​ចូលគ្នា និង​ស្ថិតនៅក្នុង​ទំនប់​វា​រី​អគ្គិសនី Sirindhorn។ ចំការ​នេះ​មាន​ផ្ទាំង​សូ​ឡា​ប្រមូល​ថាមពលព្រះអាទិត្យ​ចំនួន ១៤៥,០០០ ផ្ទាំង ដែល​ត្រូវ​បានដាក់​ជា ៧ ក្រុម។

ក្រុម​ហ៊ុន​​ផ្គត់ផ្គង់​អគ្គិសនី​ថៃ (EGAT) ឱ្យដឹងថា ចំការ​អគ្គិសនី​នេះ ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​ប្រមាណ ៤៧,០០០ តោន ជា​រៀងរាល់ឆ្នាំ។

រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា ដល់​ឆ្នាំ ២០៣៧ ថាមពល​កកើត​ឡើងវិញ ក្នុងនោះ​មាន​ពន្លឺព្រះអាទិត្យ​ជាដើម នឹង​រួមចំណែក ៣៥% នៃ​ថាមពល​អគ្គិសនី​សរុប​ដែល​ប្រទេស​នេះ​ផលិត​បាន៕

Advertisement