(វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

(ប្រទេស​ក្រិ​ក)-ព្រែកជីក Corinth មាន​ជញ្ជាំង​ទាំងសងខាង​ខ្ពស់​រហូតដល់ ៧៩ ម៉ែត្រ ចំណែក​ទទឹង​វិញ មាន​កន្លែង​ខ្លះ​ត្រឹមតែ ២0 ម៉ែត្រ​ប៉ុណ្ណោះ។

Corinth គឺជា​ព្រែក​ដ៏​ធំ​មួយ​ដែល​មនុស្ស​បាន​បង្កើតឡើង។ ជញ្ជាំង​របស់​ព្រែក​នេះ​មាន​កម្ពស់ ៧៩ ម៉ែត្រ ធ្វើឱ្យ​វា​ក្លាយជា ព្រែក​ដែល​ជ្រៅ​បំផុត​ក្នុង​ពិភពលោក។ ប៉ុន្តែ វា​មាន​ទទឹង​ត្រឹមតែ ២៥ ម៉ែត្រ​ប៉ុណ្ណោះ ធ្វើឱ្យ​កប៉ាល់ធំៗ ពិបាក​ឆ្លងកាត់។

ព្រែកជីក​នេះ​គឺជា​ផ្លូវទឹក​ដែលមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​កប៉ាល់​ជាង ១១,០០០ គ្រឿង ឆ្លងកាត់​ក្នុង ១ ឆ្នាំ។

វិស្វករ Haris Saraglou នៅតែ​បន្ត​ដើរ​ត្រួតពិនិត្យ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា ជញ្ជាំង​របស់​ព្រែកជីក​នេះ​នៅតែ​រឹងមាំ និង​សុវត្ថិភាព។ លោក Haris Saraglou ថ្លែងថា Corinth គឺជា​កន្លែង​ដែល​សំខាន់​ខ្លាំង ព្រោះ​វា​ជា​ច្រកទ្វារ​ដែល​នាំទៅ​កាន់ Peloponnese ហើយ​វា​ក៏​ប្រសព្វ​មុខ​គ្នា​ជាមួយនឹង​សមុទ្រ និង​ដីគោក។

នៅពេល​ការស្ថាបនា​ព្រែកជីក Corinth បាន​រួចរាល់​កាលពី​ឆ្នាំ ១៨៩៣ ពេលនោះ​កប៉ាល់​នានា​មាន​ទំហំ​តូច​ជាង​កប៉ាល់​នៅ​សម័យនេះ​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន មាន​កប៉ាល់ធំៗជាច្រើន​គ្រឿង​ធ្លាប់បាន​ឆ្លងកាត់​ព្រែកជីក​នេះ ដោយ​កប៉ាល់​ខ្លះ​ស្ទើរតែ​មិនអាច​ជៀត​ចូល​បាន។ ការធ្វើដំណើរ​របស់​ក​ប៉ាល់ធំៗទាំងនោះ គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ប្រទេស​ក្រិ​ក នៅពេល​គេ​មើល​ពីលើ​ទី​ខ្ពស់។

កាលពី​ខែតុលា ឆ្នាំ ២០១៩ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​មួយ ប្រវែង ១៩៥ ម៉ែត្រ ដែលមាន​ឈ្មោះថា Braemar បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រែកជីក Corinth។ កប៉ាល់​ដែលមាន​ទម្ងន់ ២៤,៣៤៤ តោន​នេះ គឺជា​កបាល់​ធំ​បំផុត​ដែល​ធ្លាប់បាន​ឆ្លងកាត់​ផ្លូវទឹក​ដ៏​ចង្អៀត​នេះ។

ការមើល​ពីលើ​ទី​ខ្ពស់ ជួយ​ឱ្យ​យើង​បាន​គយគន់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ។ ចំណែក​អ្នកបើកបរ​កប៉ាល់​ខ្នាត​យក្ស​ដែល​ឆ្លងកាត់​ព្រែក​នេះ​ក៏ត្រូវ​តែមាន​ស្មារតី​រឹងមាំ​ទើប​អាចទៅរួច។ ត្រង់​កន្លែង​ចង្អៀត​បំផុត ចន្លោះ​ពី​កប៉ាល់​ទៅ​ជញ្ជាំង​ទាំងសងខាង នៅសល់​មិន​ដល់ ១ ម៉ែត្រ​នោះទេ។

ពេល​កប៉ាល់ នាវា​ឆ្លងកាត់​ព្រែកជីក Corinth មានន័យថា ពួកវា​កំពុងតែ​សម្រេចបាន​នូវ​មហិច្ឆតា​បុរាណ​មួយ ដែល​ត្រូវការ​ពេលវេលា​ជាង ២,០០០ ឆ្នាំ ទើប​អាច​ធ្វើបាន។ ជនជាតិ​ក្រិ​ក​បុរាណ ចង់​ជីក​ព្រែក​នៅទីនេះ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់។ ពួកគេ​អាច​ជំរុញ​សកម្មភាព​ជំនួញ និង​រកបាន​ផលប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត​បើ​គិត​អំពី​វិធីសាស្ត្រ​អភិវឌ្ឍ​អារ្យធម៌។ ព្រែកជីក Corinth ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​ដោយ​អធិរាជ​រ៉ូ​ម៉ាំង Nero កាលពី​សតវត្សរ៍​ទី១ ប៉ុន្តែ ស្ថាបត្យកម្ម​នេះ​ត្រូវបានធ្វើ​ឡើងដល់​ត្រឹម​ដំណាក់កាល​ជីក​កកាយ​ដី​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ទ្រង់​ក៏បាន​សោយ​ទិវង្គត។

បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ ៦ គីឡូម៉ែត្រ ដែល​ហាក់ដូច​មានការ​លំបាក​ខ្លាំង ចុងក្រោយ កប៉ាល់ Braemar ក៏បាន​រុលចូល​ទៅដល់​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រែកជីក Corinth៕

Advertisement