អនាគត​ «ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ខាង​ត្បូង» ឆ្លងទន្លេមេគង្គ អាច​ចាត់​ទុកថា​ជា និមិត្តរូប​នៃសាមគ្គីភាព

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាង​ត្បូង ឆ្លងកាត់ទន្លេមេគង្គង តភ្ជាប់​ពី រាជធានីភ្នំពេញ ​ទៅ​កាន់​តំបន់ស្វាយជ្រុំ នឹង​ជានិមិត្តរូបថ្មីមួយទៀតនៃសាមគ្គីភាពរវាង កម្ពុជា និង សាធារណរដ្ឋកូរ៉េ ទន្ទឺម​នឹង​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នា​ពេល​បច្ចុប្បន្ន​។

នៅ​ក្នុងពីធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ និង​ថវិកា​បដិភាគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា ក្រោយ​បើក​ឱ្យ​មាន​ទំនាក់​ទំនងនឹង​គ្នា​ កម្ពុជា និង សាធារណរដ្ឋកូរ៉េ រហូត​មក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ភាព​ល្អ​ប្រសើរណាស់ ក្នុង​នោះ​ ​ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ បានកើនលើសពីមួយពាន់លានដុល្លារសហរដ្ឋអាមេរិក»។

ជាង​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏បានបង្ហាញនូវក្ដីសង្ឃឹមថា មិត្តកូរ៉េ នឹងបន្តជួយដល់កម្ពុជា ហើយ​ ​​ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ស្វាយជ្រុំ ដែល​នឹង​ត្រូវ​បាន​សាង​សង់​នា​ពេល​ខាងមុខ​ អាចចាត់ទុកថា​ជានិមិត្តរូបនៃសាមគ្គីភាពរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ដែល​បានជួយជ្រោមជ្រែងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដើម្បីជួដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខាមាលភាពប្រជាពលរដ្ឋ៕

Advertisement