ចិន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ដំបូង​គេ​នៅ​តំបន់​ស៊ីន​ជាំ​ង (វីដេអូ)

ផ្លូវ​ល្បឿន​លឿន S21 អាល់​តៃ-អ៊ុយ​រ៉ុ​ម​ឈី (Altay-Urumqi) ប្រវែង ៣៤៣ គីឡូម៉ែត្រ ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ធំ​លំដាប់​ទី ២ របស់ ប្រទេស​ចិន ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួចហើយ។

ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពីថ្ងៃ​ទី ២៤ ធ្នូ ២០២១ នេះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​បាន​ពាក់កណ្ដាល​នៃ​ការធ្វើដំណើរ​ពី​ទីក្រុង​រដ្ឋបាល អ៊ុយ​រ៉ុ​ម​ឈី ទៅកាន់​តំបន់ អាល់​តៃ នៅ​ភាគ​ខាងជើង។

S21 អាល់​តៃ-អ៊ុយ​រ៉ុ​ម​ឈី មាន​ប្រវែង​សរុប ៣៤៣ គីឡូម៉ែត្រ ក្នុងនោះ​មាន​ជាង ១៥០ គីឡូម៉ែត្រ​ស្ថិតនៅលើ​សមុទ្រ​ខ្សាច់ ហ្គ​របា​ន​ទុង​ហ្គូ​ត (Gurbantunggut) ជា​សមុទ្រ​ខ្សាច់​ធំ​លំដាប់​ទី ២ នៅ ប្រទេស​ចិន។

តា​បឺស (Tabus) ដែលជា​អ្នកផ្ដល់​សេវាកម្ម​រថយន្ត​សម្រាប់​អ្នកដំណើរ​ផ្លូវ​ឆ្ងាយ បានឱ្យដឹងថា៖ «យើង​ធ្លាប់​ចំណាយពេល​ពី ៧ ទៅ ៨ ម៉ោង ដើម្បី​ទៅកាន់ អ៊ុយ​រ៉ុ​ម​ឈី»។ ពេលនេះ យើង​ចំណាយពេល​តែ​ប្រហែល ៣ ទៅ ៤ ម៉ោង​ប៉ុណ្ណោះ ដែល​ប្រការនេះ​ជួយ​សន្សំសំច័យ​ពេលវេលា​បាន​យ៉ាងច្រើន។

ចាង ឈាន (Zhang Qian) ដែលជា​ម្ចាស់​ហាង​គ្រឿង​សមុទ្រ​មួយ​នៅ​ស្រុក ហ្វ៊ូ​ហៃ (Fuhai) ថ្លែងថា ដោយសារ​មាន​ផ្លូវ​ថ្មី គាត់​អាច​ផ្ញើ​ទំនិញ​ទៅកាន់ អ៊ុយ​រ៉ុ​ម​ឈី និង​តំបន់​ដទៃ​បាន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់។ «ទំនិញ​ត្រូវ​ផ្ញើ​នៅពេល​ព្រឹក ហើយ​ទៅដល់​នៅពេល​ថ្ងៃត្រង់»។

ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ផ្លូវ​ល្បឿន​លឿន​នេះ​ក៏មាន​ផ្លូវ​ដើរ​សម្រាប់​សត្វព្រៃ មាន​ផ្លាកសញ្ញា​ព្រមាន​អំពី​ល្បឿន និង​ហាម​ស៊ី​ផ្លេ ចំណែក​សងខាង​ផ្លូវ​ក៏មាន​ប្រព័ន្ធ​សំណាញ់​ចំបើង​ដើម្បី​ការពារ​បញ្ហា​ខ្សាច់​ហូរ​ចូល​ផ្លូវ​ផងដែរ៕

Advertisement