(វីដេអូ)-ចិន សាងសង់​ស្ពាន​ខ្សែកាប​យោង​ខ្នាត​យក្ស ខ្ពស់​កប់​ពពក​ ឆ្លង​កាត់​ជ្រលង​ភ្នំ​

ស្ពាន​ឆ្លងកាត់​ជ្រលង​ភ្នំ និង​ទន្លេ Tongzi ដែល​កំពុង​ត្រូវបាន​សាងសង់​នៅលើ​តំបន់ភ្នំ​មួយ​ក្នុង ខេត្ត Guizhou ប្រទេស​ចិន នេះ នឹងមាន​បណ្ដោយ​ប្រវែង​ជាង ១.៤ គីឡូម៉ែត្រ នៅពេល​បញ្ចប់​ការសាង់សង់។

ប្រទេស​ចិន កំពុង​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​យោង​ដ៏​ធំ​មួយ ឆ្លងកាត់​ជ្រលង​ភ្នំ និង​ទន្លេ Tongzi ក្នុង​ខេត្ត Quizhou។ ស្ពាន​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន Jinsha-Renhuai-Tongzi នៅក្នុង​ខេត្ត Guizhou ស្ថិតក្នុង​ភាគ​និរតី​នៃ ប្រទេស​ចិន។ នៅពេល​សាងសង់​រួចរាល់ ស្ពាន​យក្ស​នេះ​នឹងមាន​បណ្ដោយ​សរុប ១,៤២២ ម៉ែត្រ។

បង្គោល​ដែល​មេ​របស់​ស្ពាន មាន​កម្ពស់​រហូតដល់ ២០៨ ម៉ែត្រ និង​ត្រូវបាន​ដំឡើង​ដំបូល​កាលពី​ខែ​មុន។ Pi Sheng ដែលជា​កម្មករ​ធ្វើការ​ក្នុង​គម្រោង​នេះ​ថ្លែងថា បង្គោល​មេ​ត្រូវបាន​ដំឡើង​ដំបូល ហើយ​រន្ធ​សម្រាប់​ចាប់​ខ្សែកាប​ក៏​ធ្វើបាន​សម្រេច ៩០% ខណៈដែល​ធ្នឹម​ដែក​ក៏​ដំឡើង​បាន ៦០%។

«បន្ទាប់មក យើង​នឹង​ដំឡើង​ខ្សែកាប​មេ ត​ភ្ជាប់​ធ្នឹម​ដែក និង​ការងារផ្សេងៗទៀត។ យើង​ដាក់​ផែន​ការតភ្ជាប់​ធ្នឹម​ដែក​នៅ​ឆ្នាំក្រោយ» លោក Pi Sheng បន្ថែម​ដូច្នេះ។

នៅពេល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ សំណង់​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​នៅ​សងខាង​ឆ្នេរទន្លេ Tongzi។ បច្ចុប្បន្ន មធ្យោបាយ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​រវាង​ទីក្រុង Renhuai និង​ស្រុក Tongzi ត្រូវ​ចំណាយពេល ២ ម៉ោង​ឯណោះ ប៉ុន្តែ នៅពេល​ដាក់ឱ្យ​ដំណើរការ រយៈពេល​នៃ​ការធ្វើដំណើរ​នេះ​នឹង​ថយ​ចុះមក​នៅត្រឹម ២០ នាទី៕

Advertisement