ខុនដូ Penthouse ប្រណិត​ថ្មី​របស់លោក​ David Beckham មាន​អ្វីខ្លះ បានជា​មានតម្លៃ​ដល់ ២០ លាន​ដុល្លារ?

គ្រួសារ​របស់ David Beckham មាន penthouse មួយកន្លែង​ដែលមាន​តម្លៃ ២០ លាន​ដុល្លារ​អាម៉េរិក ស្ថិតនៅក្នុង​អគារ One Thousand Museum នៅ Miami ដែល​ទីតាំង​នេះ​ងាយស្រួល​សម្រាប់ Beckham ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមបាល់ទាត់ Inter Miami។

គូ​ស្វាមីភរិយា Victoria និង David Beckham គឺជា​គូស្នេហ៍​ដ៏​លេចធ្លោ​មួយ​របស់ Hollywood។ ស្វាមី​គឺជា​កំពូល​តារាបាល់ទាត់ ចំណែក​ភរិយា​គឺជា​តារាចម្រៀង និង​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ។ សម្ព័ន្ធភាព​របស់​ពួកគេ ជាច្រើន​ឆ្នាំ​កន្លងទៅនេះ នៅតែ​ធ្វើឱ្យ​សាធារណជន​មានការ​កោតសរសើរ។

បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​តារា​ដែលមាន​កូន ៤ នាក់​នេះ កើន​ដល់ ៤៥០ លាន​ដុល្លារ​អាម៉េរិក ដែល​បានមកពី​ជំនួញ និង​ការធ្វើជា​តំណាង​របស់​យីហោល្បី។ ក្នុងចំណោម​ទ្រព្យ​របស់​ពួកគេ ក៏មាន penthouse លំដាប់​ប្រណិត​មួយកន្លែង​ផងដែរ។

ការសម្រេចចិត្ត​ទិញ​ខុន​ដូ​ប្រណិត​នេះ ត្រូវបាន​ធ្វើឡើង​នៅពេល David Beckham ទិញ​ភាគហ៊ុន​របស់​ក្លឹប​បាល់ទាត់ Inter Miami CF។ យោងតាម​គេហទំព័រ​អចលនទ្រព្យ​លំដាប់​ប្រណិត​ខ្នាត​អន្តរជាតិ Mansion Global កិច្ចព្រមព្រៀង​ទិញដូរ​នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុន Beckham Brand Limited របស់ David Beckham។

ខុន​ដូ ដែលមាន​លក្ខណៈ​ជា penthouse ថ្មី ដែល​ពួកគេ​ទើបបាន​ទិញ​នេះ មាន​ទំហំ​ជាង ១,០០០ ម៉ែត្រក្រឡា ស្ថិតនៅ​ជាន់​ទី ៥០ របស់​អគារ One Thousand Museum នៅ​កណ្ដាល​ទីក្រុង Miami ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។ អគារ One Thousand Museum ដែលមាន ៦២ ជាន់​នេះ ក៏មាន​លក្ខណៈ​ជា​តំណាង​របស់ Miami ផងដែរ។

អគារ One Thousand Museum មាន​បន្ទប់​ខុន​ដូ​ចំនួន ៨៤ ដែលមាន​តម្លៃ​ចាប់ពី ៥.៩ លាន​ដុល្លារ ដល់ ២១ លាន​ដុល្លារ។

ផ្ទះ penthouse ដែលមាន​តម្លៃ ២០ លាន​ដុល្លារ របស់ Beckham រួមមាន បន្ទប់​គេង​ចំនួន ៥, បន្ទប់ទឹក​ចំនួន ៦ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​អាច​មើលឃើញ​ទេសភាព​សមុទ្រ និង​ទីក្រុង យ៉ាង​ពេញភ្នែក។ ចំណែក​ផ្ទះបាយ​វិញ​គឺជា​ផ្នែក​ប្រណិត​ជាងគេ​របស់ penthouse នេះ។

អ្នក​ដែល​ស្នាក់នៅ​ក្នុង​អគារ​នេះ នឹង​បានទទួល​បទពិសោធន៍​ផាសុកភាព​ជាច្រើន ក្នុងនោះ​មានដូចជា អាង​ហែល​ទឹក​នៅ​ជា​ន់ទី ៦១, រោងកុន​ប្រកបដោយ​ភាព​ឯកជន, ប្រព័ន្ធ​បន្ទប់​ហាត់ប្រាណ, ស្ប៉ា, មជ្ឈមណ្ឌល​កាយសម្ព័ន្ធ​លំដាប់​ពិភពលោក ជាពិសេស​គឺ​ទីលាន​ចត​ឧទ្ធម្ភាគចក្រ​សម្រាប់​អ្នក «ខ្ជិល» ឡើង​តាម​ជណ្ដើរ​ប្រអប់។

ក្រៅពី penthouse ថ្មី​នេះ គ្រួសារ​របស់ Beckham ក៏​នៅមាន​អចលនទ្រព្យ​ជាច្រើន​ផ្សេងទៀត ដូចជា ភូមិគ្រឹះ​ប្រណិត​នៅ​ឧទ្យាន Holland ក្នុង​ទីក្រុង​ឡុង​ដ៍, ផ្ទះ​លម្ហែកាយ​ក្នុង​តំបន់ Cotswolds នៅ ប្រទេស​អង់គ្លេស, ភូមិគ្រឹះ និង​ផ្ទះ​ច្រើន​ខ្នង​នៅ Dubai អេ​ស្ប៉ា​ញ និង​នៅ LA ក៏ដូចជា​ភូមិគ្រឹះ Beckingham Palace នៅ Hertfordshire ក្នុងប្រទេស​អង់គ្លេស ។ល។

Advertisement