មហាសេដ្ឋី​អាម៉េរិក​ Elon Musk ​បាន​ក្លាយ​ជា​​កំពូល​​អ្នក​មាន​​ដែល​ «គ្មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​» ជា​ផ្លូវការហើយ!

នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX ទើបតែ​បាន​លក់​អចលនទ្រព្យ​ចុងក្រោយ​របស់ខ្លួន ក្នុងតម្លៃ ៣០ លាន​ដុល្លារ នា​សប្ដាហ៍​នេះ។

មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក Elon Musk បាន​លក់​ភូមិគ្រឹះ​របស់​ខ្លួន​ដែលមាន​ទំហំ ១៦,០០០ ហ្វ៊ូ​ត​ក្រឡា នៅឯ​តំបន់ Gillsborough ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក។ អចលនទ្រព្យ​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ ៣០ លាន​ដុល្លារ។ ដំបូង​ឡើយ លោក Musk ចង់​លក់​ក្នុងតម្លៃ ៣៧.៥ លាន​ដុល្លារ តែ​ក្រោយមក​ក៏​បញ្ចុះ​មក​នៅត្រឹម ៣១.៩៩ លាន​ដុល្លារ​កាលពី​ខែតុលា។

ចំណែក​អត្តសញ្ញាណ​របស់​អ្នក​ដែល​បាន​ទិញ​អចលនទ្រព្យ​នេះ មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះឡើយ។ នេះ​បើតាម​ទំព័រ Marketwatch។

លោក Elon Musk វ័យ ៥០ ឆ្នាំ មុន​នោះបាន​ប្រកាសថា អចលនទ្រព្យ​ខាងលើ​គឺជា «ផ្ទះ​ចុងក្រោយ» របស់គាត់ នៅ​រដ្ឋ​ California បន្ទាប់ពី​បាន​លក់​អចលនទ្រព្យ​ផ្សេង​របស់លោក​នៅក្នុង​រដ្ឋ​នេះ។

មូលហេតុ​នៃ​ការលក់​អចលនទ្រព្យ​ទាំងឡាយ ត្រូវបាន​លោក Musk អះអាងថា គឺ​ដើម្បី​អាច​គ្រប់គ្រង​អវកាស​បាន​ឆាប់រហ័ស

អចលនទ្រព្យ​នេះ​មាន​ប្រវត្តិ​ជាង ១០០ ឆ្នាំ​មកហើយ មុនពេល​បានមក​ដៃ Elon Musk។ ភូមិគ្រឹះ​នេះ​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ ១៩១២ ដោយ​ជនជាតិ​បារាំង​ម្នាក់។ វា​ស្ថិតនៅ​លើដី​ដែលមាន​ទំហំ​ធំ​បំផុត​មួយ​នៅក្នុង​តំបន់ និង​មាន​ផ្លូវលំ​ជាច្រើន​ខ្សែ​សម្រាប់​ដើរ​ដោយ​ថ្មើរជើង រួម​នឹង​បឹង​មួយ​ផងដែរ។

ឆ្នាំ ២០១៣ វា​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ១០០ លាន​ដុល្លារ ប៉ុន្តែ ឆ្នាំ ២០១៦ ចុះមក​នៅត្រឹម ២៩.៨៥ លាន​ដុល្លារ។ លោក Elon Musk បាន​ទិញ​អចលនទ្រព្យ​នេះ​កាលពី​ឆ្នាំ ២០១៧ ក្នុងតម្លៃ ២៣.៤ លាន​ដុល្លារ។ នេះ​បើតាម​ព័ត៌មាន​ដែល​សរសេរ​នៅក្នុង​ឯកសារ​សាធារណៈ។

មុនពេល​បាន​លក់​ផ្ទះ​ចុងក្រោយ​របស់ខ្លួន លោក Elon Musk បាន​រើ​ទៅ​រស់នៅក្នុង​ផ្ទះមួយ​ខ្នង​ដែលជា​ប្រភេទ​ផ្ទះ​ដំឡើង​ស្រាប់ និង​មាន​ផ្ទៃក្រឡា​ប្រហែល ៣៧ ម៉ែត្រ និង​តម្លៃ ៥០,០០០ ដុល្លារ នៅក្នុង​រដ្ឋ Texas។

មូលហេតុ​នៃ​ការលក់​អចលនទ្រព្យ​ទាំងឡាយរបស់​លោក​ Musk ត្រូវបាន​លោក អះអាងថា គឺ​ដើម្បី​អាច​គ្រប់គ្រង​អវកាស​បាន​ឆាប់រហ័ស៕

Advertisement