(វីដេអូ)-គម្រោងសាង់​សង់​​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ សហរដ្ឋ​អាម៉េរិក

ក្រុមហ៊ុន Doral Renewable កំពុង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ថាមពលព្រះអាទិត្យ​ខ្នាត​យក្ស​មួយ​នៅក្នុង​រដ្ឋ Indiana នៅលើ​ផ្ទៃដី​ទំហំ ៥,២៦១ ហិកតា។

រដ្ឋ Indiana នឹង​ក្លាយ​ជាទី​ដែលមាន​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ធំជាងគេ​បង្អស់​នៅ សហរដ្ឋ​អាម៉េរិក នេះ​បើតាម​សារព័ត៌មាន AFP។

រោងចក្រ​ដែលមាន​ឈ្មោះថា Mammoth Solar នេះ មាន​ទំហំ ៥,២៦១ ហិកតា ដែល​ប្រហាក់ប្រហែល​នឹង​ទីលាន​​បាល់​ឱប​ (American Football) ចំនួន ៩,៨៥០ ឯណោះ។

ដំណើរការ​សាងសង់​ត្រូវបាន​ចាប់ផ្ដើម​នៅក្នុង​តំបន់​ជនបទ ស្ថិតនៅ​ចន្លោះ​ខណ្ឌ Starke និង Pulaski ដែលមាន​ចម្ងាយ​ពី​ទីក្រុង South Bend ប្រហែល ៨០ គីឡូម៉ែត្រ ទៅ​ទិសនិរតី។

តាម​គម្រោង រោងចក្រ Mammoth Solar នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ 2024 ដោយមាន​បំពាក់​ផ្ទាំង​ស្រូប​កម្ដៅ​ព្រះអាទិត្យ (ផ្ទាំង​សូ​ឡារ) ចំនួន ២.៨៥ លាន​ផ្ទាំង។ នៅក្នុង​អំឡុង​ពេលនោះ វា​នឹង​ផលិត​អគ្គិសនី​សរុប​បាន ១.៦៥ ជី​ហ្គា​វ៉ា​ត់ (gigawatt) គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់ផ្ទះ​ចំនួន ២៥០,០០០ ខ្នង។

អគ្គិសនី​ស្ទើរតែ​ទាំងអស់​ដែល​ផលិត​បាន នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដល់​បណ្ដា​គ្រួសារ និង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​គម្រោង​រោងចក្រ​នេះ។ ថាមពល​អគ្គិសនី​ដែល​នៅសល់​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់ផ្សេងៗដែល​ត្រូវការ៕

Advertisement