ទីក្រុង «10 នាទី» ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ នៅក្នុង​រដ្ឋធានី សេ​អ៊ូ​ល

(កូរ៉េខាងត្បូង)-ក្រុម​ស្ថាបត្យករ​នឹង​សាងសង់​ទីក្រុង​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ថាមពល​ស្អាត អនុញ្ញាតឱ្យ​ប្រជាជន​ផ្លាស់​ទី​ទៅគ្រប់​កន្លង​ក្នុង​រង្វង់ 10 នាទី។

មុននេះ គំនិត​ស្ដីពី «ទីក្រុង 15 នាទី» ក្នុងនោះ ប្រជាជន​អាចធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ និង​កន្លែង​លេង​កម្សាន្ត​ដោយ​ចំណាយពេល​ដើរ ឬ​ធ្វើដំណើរ​តាម​យានយន្ត​តែ 15 នាទី ពី​ផ្ទះ​របស់​ពួកគេ កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​នៅក្នុង​សម័យ COVID-19។ ពេលនេះ ក្រុម​ស្ថាបត្យករ​កំពុងតែ​រៀបចំ​គម្រោង​សាងសង់​ទីក្រុង​មួយ​ដែល​ប្រកបដោយ​មហិច្ឆតា​ធំ​ជាង​នេះ​នៅ​ទីក្រុង សេ​អ៊ូ​ល របស់ កូរ៉េខាងត្បូង នោះ​គឺ «ទីក្រុង 10 នាទី»។

គម្រោង​ដែលមាន​ឈ្មោះថា «គម្រោង H1» នេះ នឹង​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ចាស់ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ​ដែល​ត​ភ្ជាប់​គ្នា។ គម្រោង​នេះ​នឹងមាន​អគារ​ស្នាក់នៅ​ខ្ពស់​ចំនួន​ 8 និង​មាន​​ការិយាល័យ សាលារៀន សួន​កម្សាន្ត មជ្ឈមណ្ឌល​កីឡា អាង​ហែល​ទឹក និង​កសិដ្ឋាន​ដាំ​បន្លែ​លើទឹក (hydroponic farm) ជាដើម នៅលើ​ផ្ទៃដី​ទំហំ 50.5 ហិកតា។

ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម UNStudio របស់​ប្រទេស ហូ​ឡង់ និង​មានការ​វិនិយោគ​ពី​ក្រុមហ៊ុន​អភិវឌ្ឍ Hyundai គម្រោង​នេះ​នឹង​ក្លាយជា​ទីក្រុង​បង្រួម​តូច​ដែល​មិនមាន​វត្តមាន​របស់រ​ថយ​ន្ត។ គ្រប់​ទីតាំង​ផ្ដល់​សេវាកម្ម និង​ទំនិញ សុទ្ធ​តែមាន​ចម្ងាយ​ពី​លំនៅឋាន​របស់​ប្រជាជន​ប្រមាណ​តែ 10 នាទី​ប៉ុណ្ណោះ។

Ben van Berkel សហ​ស្ថាបនិក​របស់ UNStudio បានឱ្យដឹងថា ទីក្រុង​នេះ​ផ្ដោត​សំខាន់​ទៅលើ​ផាសុកភាព​នៃ​ការរស់នៅ និង​ពេលវេលា​ធ្វើដំណើរ​របស់​ប្រជាជន។

អ្នកនាំពាក្យ​មួយរូប​របស់ UNStudio បាន​បញ្ជាក់ថា គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​រួចហើយ​សម្រាប់​ការសាងសង់។ ក្រុម​វិស្វករ​ឱ្យដឹងថា ថាមពល​ស្អាត​នឹងត្រូវ​បាន​ផលិត​នៅនឹងកន្លែង។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​ប្រមូល និង​រក្សាទុក​ទឹកភ្លៀង​ក៏ត្រូវ​បាន​រចនា​ជាពិសេស​ដើម្បី​ជួយ​បន្ថែម​ប្រភព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ៕

Advertisement