ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

Advertisement