យោងតាមការស្រាវជ្រាវរបស់ Bloomberg បច្ចុប្បន្ន ត្រកូលអ្នកមានបំផុតចំនួន 25 របស់ពិភពលោក កាន់កាប់ទ្រព្យសរុបចំនួន 1,700,000,000,000 ដុល្លារអាម៉េរិក កើត 312,000,000,000 ដុល្លារ ស្មើនឹង 22% ធៀបនឹង 1 ឆ្នាំមុន។
ក្រុមត្រកូលអ្នកមាននៅលើពិភពលោក រកបានប្រាក់យ៉ាងច្រើនក្នុងអំឡុង 1 ឆ្នាំកន្លងទៅនេះ។ ភាពសម្បូរទ្រព្យដែលងាយស្រួលលក់ដូរ និងទីផ្សារមូលបត្រឡើងដល់កំពូលជាបន្តបន្ទាប់ បូករួមនឹងគោលនយោបាយពន្ធដារប្រកបដោយអត្ថប្រយោជន៍គឺជាកត្តាដែលជួយឱ្យទ្រព្យដែលពួកគេរកបាន កាន់តែរីកមាឌ។ យោងតាមការស្រាវជ្រាវរបស់ Bloomberg បច្ចុប្បន្ន ត្រកូលអ្នកមានបំផុតចំនួន 25 របស់ពិភពលោក កាន់កាប់ទ្រព្យសរុបចំនួន 1,700,000,000,000 (1.7 សែនកោដិ ឬ 1.7 ទ្រីលាន) ដុល្លារអាម៉េរិក កើត 312,000,000,000 (3.12 សែនកោដិ ឬ 312 ពាន់លានដុល្លារ) ដុល្លារ ស្មើនឹង 22% ធៀបនឹង 1 ឆ្នាំមុន។
ឈរលំដាប់ទីមួយដែលជាត្រកូលអ្នកមានទ្រព្យច្រើនជាងគេក្នុងសកលលោករយៈពេល 4 ឆ្នាំបន្តបន្ទាប់គឺ Waltons មកពី Arkansas សហរដ្ឋអាម៉េរិក។ ត្រកូលនេះកំពុងកាន់កាប់ទ្រព្យចំនួនពាក់កណ្ដាលនៅក្នុងបណ្ដាញផ្សារលក់រាយ Walmart។ ធៀបនឹងឆ្នាំ 2020 ទ្រព្យរបស់ត្រកូលនេះបានកើនថែម 23 ពាន់លានដុល្លារ មានន័យថា ត្រកូល Waltons រកបាន 63 លានដុល្លារ/ ថ្ងៃ ឬ 2.6 លានដុល្លារ/ម៉ោង ឬក៏ 44,000 ដុល្លារ/វិនាទី។
ថ្ងៃណាក៏គេឃើញធនាគារ Goldman Sachs តំណាងឱ្យត្រកូល Waltons លក់ភាគហ៊ុន។ ក្នុងសប្ដាហ៍កន្លងទៅ ត្រកូលនេះបានលក់ភាគហ៊ុនតម្លៃ 294 លានដុល្លារ។ ជាសរុប ក្នុងរយៈពេល 7 ខែចុងក្រោយនេះ ត្រកូល Waltons លក់ភាគហ៊ុន Walmart បានរហូតដល់ជាង 6 ពាន់លានដុល្លារ។
ប៉ុន្តែ បណ្ដាកូនចៅជំនាន់ក្រោយរបស់ Sam Walton បច្ចុប្បន្ននៅតែកាន់កាប់មូលបត្រចំនួន 1,334,480,250 ហ៊ុន នៅក្នុងក្រុមហ៊ុន Walmart។ ដោយសារតម្លៃភាគហ៊ុន Walmart កើនឡើងខ្ពស់ក្នុង 1 ឆ្នាំកន្លង ទ្រព្យរបស់គ្រួសារ Walton ក៏កើនឡើងគួរឱ្យកត់សម្គាល់។
ជោគជ័យរបស់ Walmart ជួយឱ្យត្រកូល Waltons ដែលមកពី Arkansas (បច្ចុប្បន្នបានឈានចូលដល់ជំនាន់ទីបី រាប់ចាប់តាំងពី Walmart បានបង្ហាញខ្លួន) មានទ្រព្យច្រើនជាងមហាសេដ្ឋី Jeff Bezos និង Elon Musk ទៅទៀត។ ត្រកូល Waltons ក៏មានប្រាក់ច្រើនជាងជិត 100 ពាន់លានដុល្លារ ធៀបនឹងត្រកូលអ្នកមានលំដាប់ទីពីរគឺ Mars។
Mars និង Waltons គឺជាត្រកូលដែលរកប្រាក់បានច្រើនជាងគេបំផុតនៅក្នុងឆ្នាំកន្លង ដោយសារតែផលិតផលរបស់ពួកគេទទួលបានការគាំទ្រច្រើននៅក្នុងអំឡុង COVID-19 កំពុងរាតត្បាត ក្នុងនោះក៏មានផលិតផលដែលទាក់ទងនឹងផ្សារអនឡាញផងដែរ។
នៅមានត្រកូលជាច្រើនផ្សេងទៀតដែលទទួលបានផលប្រយោជន៍ពីនិន្នាការប្ដូរផ្លាស់ថ្មីនៅក្នុងវិស័យផ្សេង។ ត្រកូល Johnsons ដែលនៅពីក្រោយមូលនិធិវិនិយោគ Fidelity Investments រកបានប្រាក់ច្រើនពីការពេញនិយមនៃការជួញដូរមូលបត្រអនឡាញ។ ចំណែកត្រកូលអ្នកមានបំផុតនៅទ្វីបអាស៊ី គឺ Ambanis ក៏ទទួលបានផលប្រយោជន៍ពីទិន្នការថាមពលបៃតង និងនិន្នាការនៃបរិវត្តកម្មឌីជីថល (Digital Transformation)។
នៅពេល COVID-19 រាតត្បាតខ្លាំងបំផុត បណ្ដាយីហោប្រណិតទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងត្រូវគេព្យាករថានឹងជួបវិបត្តិធំ។ ប៉ុន្តែ ត្រកូលនានាដែលនៅពីក្រោយយីហោលំដាប់ខ្ពស់ទាំងនោះ បែរជារកបានប្រាក់ច្រើនទៅវិញ។ ត្រកូល Lauders ដែលនៅពីក្រោយយីហោផលិតផលគ្រឿងសម្អាង Estee Lauder ជាលើកដំបូងមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់ ខណៈដែលទ្រព្យរបស់ត្រកូល Hermes កើន 75% ពោលគឺឡើងដល់ 112 ពាន់លានដុល្លារ។
ត្រកូលមួយចំនួនរងផលប៉ះពាល់ដោយសារជាប់ពន្ធស្នងមរតក ក្នុងនោះ ត្រកូល Lee ដែលគ្រប់គ្រង Samsung គឺជាឧទាហរណ៍មួយ។ ត្រកូលនៅ កូរ៉េខាងត្បូងមួយនេះបានបាត់ឈ្មោះពីបញ្ជីចំណាត់ថ្នាក់ ដោយសារតែត្រូវបង់ពន្ធចំនួន 11 ពាន់លានដុល្លារ លើការស្នងមរតកក្រោយពីលោក Lee Kun-hee បានស្លាប់។
ខាងក្រោមនេះគឺជាត្រកូលអ្នកមានជាងគេទាំង 5 របស់ពិភពលោក ដែលយោងតាមតារាងចំណាត់ថ្នាក់របស់ Bloomberg ៖
1-ត្រកូល Walton
ក្រុមហ៊ុន៖ Walmart
ទ្រព្យសរុប៖ 238.2 ពាន់លានដុល្លារ
អាសយដ្ឋាន៖ Bentonville, Arkansas, សហរដ្ឋអាម៉េរិក
2-ត្រកូល Mars
ក្រុមហ៊ុន៖ Mars
ទ្រព្យសរុប៖ 141.9 ពាន់លានដុល្លារ
អាសយដ្ឋាន៖ McLean, Virginia, សហរដ្ឋអាម៉េរិក
3-ត្រកូល Kochs
ក្រុមហ៊ុន៖ Koch Industries
ទ្រព្យសរុប៖ 124.4 ពាន់លានដុល្លារ
អាសយដ្ឋាន៖ Wichita, Kansas, សហរដ្ឋអាម៉េរិក
4- ត្រកូល Hermes
ក្រុមហ៊ុន៖ Hermes
ទ្រព្យសរុប៖ 111.6 ពាន់លានដុល្លារ
អាសយដ្ឋាន៖ Paris, ប្រទេសបារាំង
5-រាជវង្ស Al Saud
ទ្រព្យសរុប៖ 100 ពាន់លានដុល្លារ
អាសយដ្ឋាន៖ Riyadh, រាជាណាចក្រអារ៉ាប៊ីសាអូឌីត