ស្ថាប័នគ្រប់គ្រងព្រែកជីក Suez របស់អេហ្ស៊ីប កាលពីថ្ងៃទី 31មីនា ឆ្នាំ2021 បានឱ្យដឹងថា បញ្ហាជាប់គាំងរបស់កប៉ាល់ដឹកកុងតឺន័រ Ever Given បានបណ្ដាលឱ្យចរាចរណ៍ផ្លូវទឹកនៃព្រែកនេះត្រូវស្ទះអស់រយៈពេល 6ថ្ងៃ ហើយការចំណាយសម្រាប់សកម្មភាពជួយសង្គ្រោះ អាចកើនដល់ 1ពាន់លានដុល្លារអាមេរិក។
«យើងនឹងបន្តគណនាទៅលើការចំណាយទាំងអស់ដែលត្រូវបានប្រើប្រាស់ចាប់ពីថ្ងៃដំបូងនៃហេតុការណ៍ជាប់គាំង។ល។ តួលេខសរុបគឺប្រហែល 1ពាន់លានដុល្លារអាមេរិក» នេះបើតាមសម្ដីរបស់លោក Osama Rabia ប្រធានស្ថាប័នគ្រប់គ្រងព្រែកជី Suez ដែលបានប្រាប់ទូរទស្សន៍ Sada el-Balad TV របស់ប្រទេសអេហ្ស៊ីប។
ក្រៅពីនេះ លោក Rabia កន្លងមកក៏ធ្លាប់បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអេហ្ស៊ីបបានខាតបង់ប្រាក់ដែលត្រូវប្រមូលបានពីថ្លៃប្រើប្រាស់ព្រែក Suez ចំនួន 14លានដុល្លារ/ថ្ងៃ ដោយសារតែបញ្ហាស្ទះផ្លូវទឹកដ៏សំខាន់នេះ។
បច្ចុប្បន្ន កប៉ាល់ Ever Given ដែលជាកម្មសិទ្ធិរបស់ប្រទេសជប៉ុន គ្រប់គ្រងដោយតៃវ៉ាន់ និងដោតទង់ជាតិ Panama នេះ ត្រូវបានសង្គ្រោះ និងអូសទៅកាន់បឹង Great Bitter។ កប៉ាល់នេះនឹងត្រូវនៅលើបឹង រហូតដល់ការស៊ើបអង្កេតរកមូលហេតុត្រូវបានបញ្ចប់។
លោក Rabia បន្តថា ក្រុមនាវិករបស់កប៉ាល់ Ever Given នៅមិនទាន់ប្រគល់ប្រអប់ខ្មៅរបស់កប៉ាល់ រួមនឹងលិខិតផ្សេងៗមកឱ្យសមត្ថកិច្ចអេហ្ស៊ីបដើម្បីត្រួតពិនិត្យនៅឡើយ។
កប៉ាល់ Ever Given បានជាប់គាំង និងរាំងស្ទះផ្លូវទឹករបស់ព្រែកជីក Suez កាលពីថ្ងៃទី 23មីនា 2021។ យោងតាមការស្រាវជ្រាវ ការដឹកជញ្ជូនតាមសមុទ្រនៅទូទាំងពិភពលោក ប្រហែលជាត្រូវចំណាយពេល 6ខែទៀត ទើបអាចត្រលប់មករកភាពដើមវិញបាន។
លោក Ferdinand de Lesseps ជាជាតិបារាំង និងជាអ្នកបង្កើតក្រុមហ៊ុន Suez Canal Company ហើយព្រែកជីក Suez ក៏ត្រូវបានជីកចាប់ពីឆ្នាំ1859 ដល់ឆ្នាំ1869 និងដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ1869៕
ប្រភព៖ ABC
ប្រែសម្រួល៖ បុត្រា