មហា​សេដ្ឋី​​ Jack Ma ត្រូវ​អ្នកជំនាន់ក្រោយ «លោត​កាត់មុខ»! ​ក្រុម​ហ៊ុន​ Pinduoduo មាន​អាយុ​ទើបតែ 5ឆ្នាំ ប៉ុន្តែ មាន​អ្នកប្រើប្រាស់​ច្រើនជាង Alibaba ទៅទៀត

លោក Colin Huang ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Pinduoduo

ក្នុងពេលដែល Alibaba កំពុងតែ​រក​វិធី​ចាកចេញ​ឱ្យ​ផុតពី​បញ្ហា​ដែល​មហាសេដ្ឋី Jack Ma បាន​បង្កឡើង ពួកគេ​ក៏ត្រូវ​ក្រុមហ៊ុន​ជំនាន់​ថ្មី​យកឈ្នះ​ពេញ​មួយ​ទំហឹង នោះ​គឺ​ក្រុមហ៊ុន Pinduoduo។

ប្រធាន​របស់​ក្រុមហ៊ុន Pinduoduo ទើបតែ​បានប្រកាសថា​នឹង​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​នេះ ដើម្បី​កាត់បន្ថយ​សិទ្ធិអំណាច​ក្នុងការ​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​កំពុង​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​នៅ​ប្រទេស​ចិន​នាបច្ចុប្បន្ន។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​ក្រុមហ៊ុន Pinduoduo ប្រកាសថា តួលេខ​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន បាន​កើនឡើង​លើសពី Alibaba ទៅទៀត។

តំណែង​ប្រធាន​ក្រុមហ៊ុន​របស់​ស្ថាបនិក Colin Huang នឹងត្រូវ​បាន​ជំនួស​ដោយ Lei Chen ជា​អ្នក​កំពុងកាន់​កាប់​តំណែង CEO របស់​ក្រុមហ៊ុន។ ដូច្នេះ លោក Huang ទំនងជា​ដកខ្លួន​ចេញពី​ក្រុមហ៊ុន​នេះ ជា​កន្លែង​ដែល​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​លំដាប់​ទី​បី​នៅ​ប្រទេស​ចិន។ កាលពី​ឆ្នាំទៅ លោក Huang ក៏បាន​ដកខ្លួន​ចេញពី​តំណែង CEO ផងដែរ។

Huang បាន​ប្រឹងប្រែង​ក្នុងការ «បំប៉ន» ដល់​អ្នក​បន្តវេន​រប​ស់​ខ្លួន​គឺ​លោក Lei Chen ដោយ​កិច្ច​ការដែល​អាចឆ្លើយតប​នឹង​ល្បឿន​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន។ ចំណូល​នៅក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ 2020 របស់​ពួកគេ បាន​កើន 146% និង​ឡើងដល់ 4.1 ពាន់​លាន​ដុល្លារ​អាមេរិក។ កំណើន​នេះ​គឺ​ខ្ពស់ជាង​ច្រើនដង​បើ​ធៀប​នឹង Alibaba និង JD.com ដោយសារតែ​តម្រូវការ​នៃ​ទីផ្សារ​បន្លែ​ផ្លែឈើ និង​កំណើន​នៃ​អ្នកប្រើប្រាស់​នៅក្នុង​បណ្ដា​ទីក្រុង​ដែល​មិនសូវមាន​ការអភិវឌ្ឍ​ខ្លាំង ចាប់ផ្ដើម​ចូលរួម​ទិញដូរ​តាម​អន​ឡាញ។

CEO របស់​ក្រុម​ហ៊ុន​ Pinduoduo លោក​ Lei Chen

លោក Huang បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ប្រទេស​ចិន ជាមួយនឹង​ការបង្កើតបាន​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ 57 ពាន់​លាន​ដុល្លារ​អាមេរិក រួម​នឹង​ក្រុមហ៊ុន​មួយ​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់ 180 ពាន់​លាន​ដុល្លារ។ មូល​ប​ត្រ Pinduoduo បាន​កើន​ជាង 4 ដង កាលពី​ឆ្នាំ 2020 និង​បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ថ្ងៃទី 17 កុម្ភៈ 2021 បើទោះជា​ក្រោយ​មកវា​បាន​ថយចុះ​បន្តិច​ក៏ដោយ។

ចំនួន​អ្នកប្រើប្រាស់​ប្រចាំឆ្នាំ​របស់ Pinduoduo បាន​កើន​ឡើងដល់ 788 លាន​នាក់ គិត​ត្រឹម​ខែធ្នូ 2020 ច្រើនជាង​បន្តិច​បើ​ធៀប​នឹង 779 លាន​នាក់​របស់ Alibaba។ នៅក្នុង​ពិធីបុណ្យ​និ​ទាឃ​រដូវ​កន្លងទៅ តួលេខ​អ្នក​ចូល​ប្រើប្រាស់​របស់​ក្រុម​ហ៊ុន​ Pinduoduo ពេលខ្លះ​បាន​កើនឡើង​ច្រើនជាង Taobao ទៅទៀត។

អត្រាកំណើន​ប្រចាំត្រីមាស បាន​ឡើងដល់ 57% ខណៈ​តម្លៃ​សរុប​នៃ​ទំនិញ​ដែល​ត្រូវបាន​ជួញដូរ​ក្នុង​រយៈពេល 12 ខែ គិត​មកដល់​ត្រឹម​ចុងខែ​ធ្នូ 2020 របស់ Pinduoduo បាន​កើន 66% និង​មានតម្លៃ​សរុប 1.67 ពាន់​លាន​យន់ (256,828,000 ដុល្លារ​អាមេរិក)។ Pinduoduo កំពុងតែ​តម្រង់​ទិសដៅ​ក្លាយជា​អ្នកលក់​បន្លែ​ផ្លែឈើ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement