ដេញថ្លៃ​ត្បូង​ពេជ្រ​ទម្ងន់ 242កា​រ៉ា​ត 1គ្រាប់ តម្លៃ​បឋម 2លាន​ដុល្លារ​អាមេរិក

ពេជ្រមិនទាន់ច្នៃដែលមានទម្ងន់ 242 ការ៉ាតដ៏កម្រមួយគ្រាប់របស់ក្រុមហ៊ុនរុករកត្បូងពេជ្រ Alrosa នៅ​ក្នុង​ព្រឹត្តិ​ការណ៍​តាំង​បង្ហាញ​នៅ​ Mosco កាល​ពី​ថ្ងៃទី 25​ កុម្ភៈ​ ឆ្នាំ​ 2021

ពេជ្រ​មិនទាន់​ច្នៃ​ដែលមាន​ទម្ងន់ 242 កា​រ៉ា​ត​ដ៏​កម្រ​មួយ​គ្រាប់​របស់​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ Alrosa នៅ​រុស្ស៊ី នឹងដាក់​លក់​ក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង Dubai នៃ​ប្រទេស​អារ៉ាប់​រួម (UAE) ក្នុង​ថ្ងៃទី 22 មីនា​ខាងមុខ។

នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 26 កុម្ភៈ ក្រុមហ៊ុន Alrosa ឱ្យដឹងថា ត្បូង​ពេជ្រ​នេះ​មាន​ទំហំ​ប៉ុន​ពង​មាន់​​តូច​មួយ​គ្រាប់ ហើយ​វា​នឹងត្រូវ​ដាក់លក់​ដេញថ្លៃ ដោយ​ចាប់ផ្ដើម​ពី​តម្លៃ 2 លាន​ដុល្លារ​អាមេរិក។ នេះ​គឺជា​ពេជ្រ​មួយ​គ្រាប់​ក្នុងចំណោម​ត្បូង​ពេជ្រ​ធំជាងគេ​ដែល Alrosa បាន​រកឃើញ​នៅក្នុង​សតវត្សរ៍​នេះ។

លោក Evgeny Agureev នាយក​ផ្នែក​ជំនួញ​របស់ Alrosa បាន​អះអាងថា គ្រាប់ពេជ្រ​ដែលមាន​ទម្ងន់​ចាប់ពី 100 កា​រ៉ា​ត​ឡើងទៅ​គឺ​ពិតជា​កម្រ​បាន​ជួប​ខ្លាំងណាស់ ហើយ​វា​ក៏​កម្រ​នឹង​បានឃើញ​គេ​ដាក់លក់​ដេញថ្លៃ​ផងដែរ។

5 ឆ្នាំមុន ពេជ្រ​មិនទាន់​ច្នៃ​មួយ​គ្រាប់​ដែលមាន​ទម្ងន់​ស្រដៀង​គ្រាប់ពេជ្រ​ខាង​លើក ក៏ត្រូវ​បាន​គេ​ដាក់លក់​ដេញថ្លៃ។ នេះ​គឺជា​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ជា​អន្តរជាតិ​លើក​ទី 100 របស់ Alrosa។

Alrosa គឺជា​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​អំពី​ទំហំ​នៃ​គ្រាប់ពេជ្រ​ទាំងឡាយ​ដែល​ក្រុមហ៊ុន​នេះ​បាន​រកឃើញ។ បច្ចុប្បន្ន Alrosa កំពុង​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពេជ្រ De Beers របស់​ក្រុមហ៊ុន Anglo American មកពី​ចក្រភព​អង់គ្លេស។ De Beers គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពេជ្រ​មិនទាន់​ច្នៃ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​អំពី​តម្លៃ៕

ប្រភព​៖ RT
ប្រែសម្រួល​៖ បុត្រា

Advertisement