ឥណ្ឌូនេស៊ី​បញ្ចុះ​បញ្ចូល​​ក្រុម​ហ៊ុនអាមេរិកាំង​ឱ្យ​ចាក​ចេញ​ពី​ចិន​ មក​រក​ស៊ី​ក្នុង​ប្រទេស​ខ្លួន​

ឥណ្ឌូនេស៊ី​បញ្ចុះ​បញ្ចូល​​ក្រុម​ហ៊ុនអាមេរិកាំង​ឱ្យ​ចាក​ចេញ​ពី​ចិន​ មក​រក​ស៊ី​ក្នុង​ប្រទេស​ខ្លួន​

ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​តែ​​បញ្ចុះ​បញ្ចូល​ និង​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ អំពី​ការ​រើ​ក្រុម​ហ៊ុន​​នានា​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​រកស៊ី​នៅ​ប្រទេស​ចិន​ ឱ្យមកកាន់​ឥណ្ឌូនេស៊ី។

លោក​ Luhut Panjaitan រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​វិនិយោគ​និង​ដែន​សមុទ្រ​របស់​ឥណ្ឌូនេស៊ី​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​នេះ​ កំពុងតែ​ឧទ្ទេស​នាម​ទីតាំង​មួយ​ចំនួន​សម្រាប់​អ្នក​​វិនិយោគ​មក​ពី​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​តំបន់​ឧស្សាហកម្ម​ Kendal នៅខេត្ត​​​​ជ្វាកណ្ដាល​ (Central Java) ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​​ផ្នែក​ពន្ធ​គយ និង​តំបន់​ឧស្សាហ​កម្ម​ Brebes ដែល​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​អាទិភាព​ទាំង​89​​របស់​រដ្ឋ​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រធានាធិបតី​ Joko Windodo។

លោក​ Panjaitan ថ្លែង​ថា ក្រុម​ហ៊ុន​ប្រមាណ​ជា​20​ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​រើ​ក្រុម​ហ៊ុន​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​​កិច្ច​ការ​វិនិយោគ​និង​ដែន​សមុទ្រ​​ឥណ្ឌូនេស៊ី​​បាន​ឱ្យ​ដឹង​ថា លោក​ Panjaitan ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​អភិវឌ្ឍ​អន្តរ​ជាតិ​សហរដ្ឋ​អាមេរិក​ និង​ស្ថាប័ន​រដ្ឋា​ភិបាល​មួយ​ ក្រោយ​ពី​ប្រធានាធិបតី​ Widodo បាន​ទាក់​ទង​ទៅ​កាន់​ប្រធានាធិបតី​ Trump។

ឥណ្ឌូនេស៊ីជាប់​ចំណាត់​ថ្នាក់​ល្អ​ជាង​កម្ពុជា​បើ​និយាយ​អំពី​សន្ទស្សន៍​ប្រកួត​ប្រជែក​ផ្នែក​ឧស្សាហ​កម្ម​ (CIP/​Competitive​ Industrial Performance) ឆ្នាំ​2018​ នេះ​បើ​តាម​របាយ​ការណ៍​​របស់​ UNIDO របស់​អង្គ​ការ​សហប្រជាជាតិ​។

ប៉ុន្តែ ឥណ្ឌូនេស៊ី​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគដោយ​​ផ្ទាល់​ពី​ក្រៅ​ប្រទេស​។ ឆ្នាំ​2018​ ប្រទេស​នេះ​បាន​ទាក់​ទាញការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ (FDI/Foreign Direct Investment) ត្រឹម​តែ​1.8​%​ ប៉ុណ្ណោះ​បើ​ធៀប​ជា​មួយ​នឹង​ GDP (Gross Domestic Product/ផលិត​ផល​ក្នុង​ស្រុក​សរុប​) ដែល​នេះ​ទាប​ជាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ដូច​ជា​វៀត​ណាម ថៃ និង​ម៉ាឡេស៊ី​។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ Joko Widodo និង​លោក​ Trump

យោង​តាម​​ទំព័រ​ Nikkei Asian Review គិត​ត្រឹម​ខែ​តុលា​​2019​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន​33​ដែល​បាន​រើ​ចេញ​ពី​ប្រទេស​ចិន​ មាន​23​ក្រុម​ហ៊ុន​បាន​ចូល​មក​រកស៊ី​នៅ​ប្រទេស​វៀត​ណាម​ ក្រៅ​ពី​នេះ​បាន​រើ​មក​ម៉ាឡេស៊ី​ ថៃ និង​កម្ពុជា​។ World Bank បាន​បញ្ចេញ​មតិ​ថា “ក្រុម​ហ៊ុន​នានាដែល​កំពុង​ចាក​ចេញ​ពី​ប្រទេស​ចិន​ ប៉ុន្តែ​មិន​បាន​មក​កាន់​ឥណ្ឌូនេស៊ី​ទេ ព្រោះ​ប្រទេស​ជិត​ខាង​​របស់​ឥណ្ឌូនេស៊ី​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជាង​”។

សូម្បី​តែ​នៅ​ក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​ COVID-19 ដែល​នាំ​ឱ្យ​មាន​ការ​រើ​រោង​ចក្រ​ចេញ​ពី​ប្រទេស​ ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​បាត់​បង់​ឱកាស​ នេះ​បើ​តាម​ Citigroup។

របាយការណ៍​របស់​ Citigroup បាន​ឱ្យ​ដឹង​ថា “បណ្ដា​តំបន់​សេដ្ឋ​កិច្ច​ដែល​អាច​ទទួល​បាន​ប្រយោជន៍​​គឺជា​ភាគី​ដែល​មាន​អត្រា​នាំ​ចេញ​ខ្ពស់​ប្រហាក់​ប្រហែល​ប្រទេស​ចិន​ និង​មាន​បណ្ដាញ​ផ្គត់​ផ្គង់​ស្រាប់​”។ Citigroup យល់​ថា ប្រទេស​ឥណ្ឌា​ វៀត​ណាម​ ម៉ាឡេស៊ី​ តៃវ៉ាន់​ និង​ប្រទេស​ថៃ អាច​ជា​ទី​តាំង​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​រយៈ​ពេល​ខ្លី​។

លោក​ Sanny Iskandar ប្រធាន​សមាគម​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ឥណ្ឌូនេស៊ី​បាន​សរសើរ​​ថា ប្រទេស​ឥណ្ឌូនេស៊ី​ជា​ “កន្លែង​ល្អ​ដើម្បី​មក​តាំង​នៅ​ជា​ថ្មី ព្រោះ​យើង​ជា​ទីផ្សារ​ដែល​មាន​សក្ដានុពល​ ដោយ​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍”។

ប៉ុន្តែ លោក​ Sanny Iskandar ក៏​បាន​ទទួល​ស្គាល់​ថា ប្រទេស​នេះ​ត្រូវ​ការ​កែលម្អ​ប្រភព​ធនធាន​មនុស្ស​ និង​បញ្ហា​ការិយា​ធិបតេយ្យ​ និង​ការ​កំណត់​ផ្សេង​ៗ​ទៀត​។ លោក​បន្ត​ថា “កញ្ចប់​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​ដែល​បាន​សន្យា​ ចុង​ក្រោយ​មិន​ទាន់​បាន​ចេញជា​លទ្ធ​ផលនៅ​ឡើយ​ ដែល​នេះ​បាន​​បង្ក​ការ​ខក​ចិត្ត​ដល់​អ្នក​វិនិយោគ​ ក៏ដូច​ជា​អ្នកជំនួញ​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement