ជប៉ុន-កូរ៉េ ឯកភាពគ្នាវិលមកពិភាក្សាគ្នារឿងពាណិជ្ជកម្មឡើងវិញ ក្រោយប្រជុំពេញ 1យប់ 1ថ្ងៃ

ជប៉ុន-កូរ៉េ ឯកភាពគ្នាវិលមកពិភាក្សាគ្នារឿងពាណិជ្ជកម្មឡើងវិញ ក្រោយប្រជុំពេញ 1យប់ 1ថ្ងៃ

ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានឯកភាពគ្នាក្នុងការពិភាក្សាបន្ត ដើម្បីស្វែងរកដំណោះស្រាយលើកកម្ពស់ការគ្រប់គ្រងការនាំចេញ បន្ទាប់ពីក្រុមមន្ត្រីរបស់ប្រទេសទាំង2 បានជួបប្រជុំគ្នាអស់រយៈពេលដ៏យូរ រហូតដល់ព្រឹកព្រលឹមថ្ងៃពុធ(ម្សិលមិញ)។

“យើងបានផ្លាស់ប្ដូរព័ត៌មានគ្នា និងស្វាគមន៍ចំពោះការរីកចម្រើនរបស់ភាគីទាំងសងខាង តែយ៉ាងណាក៏ដោយ យើងបានឯកភាពគ្នាថា យើងទើបតែធ្វើដំណើរទៅជាមួយគ្នាបានពាក់កណ្ដាលផ្លូវប៉ុណ្ណោះ” យ៉ូអ៊ិឈិ អៃដា ប្រធានផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន បានថ្លែងក្រោយកិច្ចប្រជុំ។

ការប្រជុំក្នុងគ្រានេះ ពីដំបូងបម្រុងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល តែក៏ផ្លាស់មករៀបចំជាកិច្ចប្រជុំបែប ថេឡេខុនហ្វ៊ើរេនស៍ វិញ ព្រោះទាំង 2ប្រទេសមានការកម្រិតការធ្វើដំណើរចូលប្រទេសរៀងៗខ្លួន ដើម្បីទប់ទល់នឹងមេរោគវីរុសកូរ៉ូណាដែលកំពុងរាតត្បាត។

លោក អៃដា បានធ្វើដំណើរទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំនេះជាមួយលោក លី មិនហូ អ្នកទទួលបន្ទុកកិច្ចការងារដូចគ្នារបស់ខាងប្រទេសកូរ៉េខាងត្បូង ដោយពួកគេបានចាប់ផ្ដើមតាំងពីថ្ងៃអង្គារ។ ពីដំបូង គេរំពឹងថា នឹងប្រជុំរយៈពេល 7ម៉ោង តែក៏បន្លាយពេលវេលាយូររហូតដល់ទៅជិត 16ម៉ោង ទៅបញ្ចប់នៅពេលព្រះអាទិត្យរះនាព្រឹកថ្ងៃពុធ(ម្សិលមិញ)។ ទាំងអស់នេះ បានបង្ហាញឱ្យឃើញថា ភាគីទាំង2 គ្មាននរណាសុខចិត្តចុះចាញ់នរណាដោយងាយៗឡើយ…។

សម្ព័ន្ធភាពរបស់ប្រទេសទាំង2 បានធ្លាក់ចុះយ៉ាងយ៉ាប់យ៉ឺនតាំងពីខែតុលា ឆ្នាំ2018 នៅពេលដែលតុលាការប្រទេសកូរ៉េខាងត្បូងបានបញ្ជាយ៉ាងដាច់ណាត់ឱ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តដល់ពលករកូរ៉េដែលត្រូវបានជិះជាន់ក្នុងសម័យអំឡុងឆ្នាំ1910-1945 ដែលនៅពេលនោះ កូរ៉េបានធ្លាក់ជាអាណានិគមរបស់ជប៉ុន។

នៅក្នុងខែកក្កដា ឆ្នាំ2019 ជប៉ុនបានកម្រិតការនាំចេញវត្ថុធាតុដើម សេមីខុនដាក់ទើរ និងអេក្រង់ឌិសផ្លេយ៍ទៅឱ្យកូរ៉េខាងត្បូង។ បន្ទាប់ពីនោះមិនប៉ុន្មានខែ ជប៉ុនក៏ដកប្រទេសកូរ៉េខាងត្បូងចេញពី “វៃថ៍លីស្ត” ជាបញ្ជីឈ្មោះសម្ព័ន្ធមិត្តខាងពាណិជ្ជកម្មដែលបានទទួលការជឿទុកចិត្ត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement