ក្រុម​ហ៊ុន​ចិន​ Alibaba នឹង​​ប្រើ​ប្រាស់​រ៉ុក្កែត​ដើម្បី​ដឹក​ទំនិញ

ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ (E-Commerce) Alibaba Group Holding កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​រ៉ុក្កែត​ក្នុង​ស្រុក​ ក្នុងបំណងបង្កើត​យាន​​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​គ្រប់​ទីកន្លែង​ ក្នុង​រង្វង់​មួយ​ម៉ោង​។

ការ​ធ្វើតេស្ត​ដែល​​​ក្រុម​ហ៊ុន Taobao របស់​ Alibaba សហការ​ជាមួយ​​ក្រុម​ហ៊ុន​ Space Epoch នៅ​ទីក្រុង​ប៉េកាំង នឹង​ត្រូវ​បាន​ធ្វើឡើង​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

ពួក​គេ​នឹង​អភិវឌ្ឍ​​រ៉ុក្កែត​ដែល​អាច​ប្រើ​ប្រាស់​ឡើងវិញ​ច្រើន​ដង និង​អាច​ចុះ​ចត​លើ​សមុទ្រ​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 4 មេសា​។ Alibaba ក៏​បាន​ទទួលស្គាល់​ព័ត៌មាន​នេះ​ កាល​ពី​ដើម​សប្ដាហ៍​។

រ៉ុក្កែត​ដែល​មាន​លេខ​សម្គាល់​ XZY-1 នឹង​ផ្គត់​ផ្គង់​កាប៊ីន​ផ្ទុក​ទំនិញ​ទំហំ​ 120 ម៉ែត្រ​ការ៉េ និង​អាច​ដឹក​ទំនិញ​បាន​ 10 តោន​ អាចរួម​ទាំង​​កូន​រថយន្ត ឬ​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ជា​ដើម​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ខាង​លើ​ក៏​បាន​ទទួល​ស្គាល់​ថា គោលដៅ​នេះ​ពិត​ជា​ពិបាក​សម្រេច​បាន​ក្នុង​រយៈ​ពេល​ខ្លី​។

Advertisement