ការ​នាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ 2023 របស់​វៀតណាម សម្រេច​បាន​ 1.61 លាន​តោន​

យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិ​របស់​វៀតណាម ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​កាហ្វេ​​ប្រមាណ 1.61 លាន​តោន​ កើន​ 3.1% និង​មាន​តម្លៃ​សរុប​ 4.18 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ក្នុង​ខែ​ធ្នូ 2023 ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​ សម្រេច​បាន​ខ្ពស់​បំផុត​ក្នុង​អំឡុង 9 ខែ​កន្លង​ ពោល​គឺ 190,000 តោន​ កើន 59.3% ធៀប​នឹង​ខែ​វិច្ឆិកា 2023។ ក្នុង​ខែ​ធ្នូកន្លង តម្លៃ​នាំ​ចេញ​សម្រេច​បាន​ 538 លាន​ដុល្លារ​ កើន 51% ធៀប​នឹង​ខែ​វិច្ឆិកា 2023 និង​កើន 26.4% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​​។

ជា​រួម ក្នុង​ឆ្នាំ 2023 ការ​នាំចេញ​កាហ្វេ​របស់វៀតណាម សម្រេច​បាន​ប្រមាណ 1.61 លាន​តោន​ ថយ​ចុះ 9.6% ធៀប​នឹង​ឆ្នាំ 2022​។ ក៏ប៉ុន្តែ ដោយ​សារកាហ្វេ​ឡើង​ថ្លៃ​​ខ្ពស់ ទើប​​តម្លៃ​នៃ​ការ​នាំ​ចេញសរុប​​នៅ​តែ​កើន​ 3.1% ដោយ​សម្រេច​បាន​ 4.18 ពាន់​លាន​ដុល្លារ​ ដែល​ជា​កំណត់​ត្រា​ថ្មី​។

កាហ្វេ​នាំ​ចេញ​ ជាមធ្យម​ មាន​តម្លៃ​ 2,834 ដុល្លារ​/តោន​ នៅ​ក្នុង​ខែ​ធ្នូ 2023 ធ្លាក់​ថ្លៃ 5.2% ធៀប​នឹង​ខែ​មុន​ និង​កើន​ 31.1% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នៅក្នុង​ឆ្នាំ 2023 កាហ្វេ​នាំ​ចេញ ជា​មធ្យម​មាន​តម្លៃ​ 2,604 ដុល្លារ​/​តោន​ កើន 14.1% ធៀប​នឹង​ឆ្នាំ 2022​៕

Advertisement