ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 របស់​វៀតណាម គ្រោង​នឹង​សម្រេច​បាន​លើស​ផែនការ

ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ជាប់​ព្រំ​ដែន​ភាគ​ខាង​កើត​របស់​កម្ពុជា​ កំពុង​សម្រេច​បាន​តួលេខ​ខ្ពស់​មិន​ធ្លាប់​មាន ក្នុង​នោះ គិតមក​ដល់​​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា បរិមាណ​អង្ករ​នាំ​ចេញ​របស់​ប្រទេស​នេះ​ បាន​កើន​ដល់​ជិត 7.8 លាន​តោន​។

ក្នុង​ឆ្នាំ 2022 វៀតណាម​ បាន​នាំ​ចេញ​អង្ករ​ចំនួន​ប្រហែល 7 លាន​តោន​។ ប៉ុន្តែ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 តួលេខ​អង្ករ​​ដែល​បាន​នាំ​ចេញ​របស់​ វៀតណាម បាន​ឡើង​ដល់ 7.8 លាន​តោន​ ស្មើ​នឹង​ចំណូល 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​​ ខណៈ​ដែល​កំណើន​នៃ​ការ​នាំ​ចេញ​នៅ​តែ​បន្ត​។

យោង​តាម​សារព័ត៌មាន​វៀតណាម ខាងលើ​នេះ​គឺជា​តួលេខ​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​វិស័យ​នាំ​ចេញ​អង្កររបស់​ប្រទេស​នេះ​ គិត​ចាប់​ពី​ឆ្នាំ 1989។ ប្រទេស​នេះសង្ឃឹម​ថា ដល់​ដំណាច់​ខែ​ធ្នូ បរិមាណ​អង្ករ​នាំ​ចេញ​អាចនឹង​​កើន​ដល់​ 8 លាន​តោន​ ដែល​មាន​តម្លៃ​ស្មើ​នឹង ​4.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ទីផ្សារ​​នាំ​ចេញ​អង្ករធំៗ​​របស់​ប្រទេស​វៀតណាម រួម​មាន​ដូច​ជា ហ្វ៊ីលីពីន ចិន និង​ឥណ្ឌូណេស៊ី​ ក្នុង​នោះ ហ្វ៊ីលីពីន នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ធំជាង​គេ​បង្អស់។

>គួរឱ្យចាប់​អារម្មណ៍​៖ កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

ក្រុម​អ្នក​នាំ​ចេញ​អង្ករ​នៅ​វៀតណាម អះអាង​ថា ជោគ​ជ័យ​ក្នុង​វិស័យ​នាំ​ចេញ​អង្ករ​វៀតណាមនៅ​ក្នុង​ឆ្នាំ​នេះ កើត​ឡើង​ដោយ​សារ​តែអង្ករ​មាន​​គុណ​ភាព​ខ្ពស់ ព្រោះ​តែង​តែ​ត្រូវ​បាន​នាំ​ចេញ​ភ្លាម​ៗ​ បន្ទាប់​ពី​ប្រមូលផល​រួច​៕

Advertisement