ហ្វ៊ីលីពីន​អាច​​បង្កើន​ការ​នាំ​ចូល​អង្ករ បន្ទាប់ពី​បាន​ដក​ពិតាន​នៃ​តម្លៃ​ក្នុង​ស្រុក​?

ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​របស់ពិភពលោក​ងើប​ឡើង​វិញ​។

យោង​តាម​សារព័ត៌មាន​នៅ​ប្រទេស​ហ្វ៊ីលីពីន កាល​ពី​ថ្ងៃទី 04 តុលា 2023 ប្រធានាធិបតី​ហ្វ៊ីលីពីន Ferdinand Marcos Jr. បាន​ប្រកាស​ថា នឹង​ដក​ចោល​វិធានការ​គ្រប់​គ្រង​ពិតាន​នៃ​តម្លៃ​អង្ករ​សម្រិតធម្មតា និង​អង្ករ​សម្រិត​ពិសេស​។

ដូចនេះ ពិតាននៃ​តម្លៃ​​អង្ករ​នៅ​ប្រទេស​ហ៊្វីលីពីន​ត្រូវ​បាន​ទម្លាក់​ចោល​បន្ទាប់​ពី​អនុវត្ត​បាន​មួយ​ខែ​។ ប្រការ​នេះ​​ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ផងដែរ ព្រោះ​ថា វា​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ពិសេស​គឺ​ចំពេល​ដែល​រដូវ​ប្រមូលផល​កំពុង​កើត​ឡើង​។

មុន​នោះ តម្លៃ​ពិតាន​របស់​អង្ករ​ត្រូវ​បាន​ហ្វ៊ីលីពីន​ដាក់​ចេញក្នុង​បំណង​ទប់​ទល់​នឹង​បញ្ហា​អង្ករ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​។

យោង​តាម​ក្រសួង​កសិកម្ម​អាម៉េរិក ឆ្នាំ​នេះ​ ប្រទេស​ហ្វ៊ីលីពីន និង​ចិន គឺជា​អ្នក​នាំ​ចូល​អង្ករ​ធំជាង​គេ​លើពិភពលោក​ ដោយ​ពួក​គេ​នឹង​ទិញ​ប្រហែល 3.5 លាន​តោន​ ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​ការ​ព្យាករ​ចាស់​ (3.8 លាន​តោន​)។

គិតមក​ដល់បច្ចុប្បន្ន ហ្វ៊ីលីពីន​បាន​នាំចូល​អង្ករ​ 2.49 លាន​តោន​ ទាប​ជាង​ជិត 18%​ បើ​ធៀប​នឹង​ 3.03 លាន​តោន​ក្នុង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

អ្នក​ជំនាញ​ និង​អ្នក​ជំនួញ​យល់​ថា ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ នឹង​អាច​​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​ងើប​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ខ្លាំង​នា​ពេល​កន្លង​៕

Advertisement