ការនាំចេញ-នាំចូល​ទំនិញ​របស់​វៀតណាម ឡើងដល់ 700 ពាន់​លាន​ដុល្លារ​អាម៉េរិក

យោងតាម​ទិន្ន័យ​ពី អគ្គនាយកដ្ឋាន​គយ​វៀតណាម គិត​ត្រឹម​ថ្ងៃទី 14 ធ្នូ 2022 ការនាំចេញ-នាំចូល​ទំនិញ​របស់​ប្រទេស​នេះ បាន​កើន​ឡើងដល់ 698.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​ដល់​ថ្ងៃទី 15 ធ្នូ បាន​ឡើងដល់​ខ្ទង់ 700 ពាន់​លាន​ដុល្លារ។

តម្លៃ​សរុប​នៃ​ការនាំចេញ-នាំចូល​ទំនិញ​នៅ​ទូទាំងប្រទេស​នេះ ក្នុង​រយៈពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 សម្រេចបាន 673.7 ពាន់​លាន​ដុល្លារ ដោយ​កើន 11.8% (ស្មើនឹង​កំណើន 70.92 ពាន់​លាន​ដុល្លារ) ធៀប​នឹង​អំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2021។ ក្នុងនោះ ការនាំចេញ​របស់​ប្រទេស​នេះ​សម្រេចបាន 342.19 ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​សម្រេចបាន 331.51 ពាន់​លាន​ដុល្លារ។

លទ្ធផល​ខាងលើនេះ​បង្ហាញថា តុល្យភាព​ពាណិជ្ជកម្មរ​បស់ វៀតណាម មាន​អតិរេក​រហូតដល់ 10.68 ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 4 ពាន់​លាន​ដុល្លារ​ពេញ​មួយឆ្នាំ 2021។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត ហើយ ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចូល​ធំ​បំផុត​របស់ វៀតណាម។ គិត​ចាប់ពី​ដើមឆ្នាំ​មកដល់​ដំណាច់ខែ​វិច្ឆិកា 2022 ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អាម៉េរិក សម្រេចបាន 101 ពាន់​លាន​ដុល្លារ កើន 17.7% (ស្មើនឹង 15.2 ពាន់​លាន​ដុល្លារ) ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

ចំណែក​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​វិញ សម្រេចបាន 109.46 ពាន់​លាន​ដុល្លារ កើន 10% (ស្មើនឹង 9.93 ពាន់​លាន​ដុល្លារ)។ ដូច្នេះ ការនាំចេញ​ទំនិញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក និង​នាំចូល​ទំនិញ​ពី ប្រទេស​ចិន ក្នុង 11 ខែ​កន្លង​ក្នុង​ឆ្នាំ 2022 សុទ្ធតែ​លើសពី 100 ពាន់​លាន​ដុល្លារ ដែល​នេះ​គឺជា​កំណត់ត្រា​ថ្មី​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់ វៀតណាម៕

Advertisement