ប្រទេស​ថៃ មាន​ឱកាសល្អ​ដើម្បី​ជំរុញ​​​ពាណិជ្ជកម្ម​វិស័យ​កសិផល​ វាយលុក​ទីផ្សារ​ប្រទេស​ចិន

ស្ថានីយ​រថភ្លើង Mohan នៃ​វិស័យ​ផ្លូវដែក​ចិន-ឡាវ នៅ​ខេត្ត Yunnan។

ការនាំចេញ​បន្លែ ផ្លែឈើ​របស់ ប្រទេស​ថៃ ទៅកាន់​ទីផ្សារ​ភាគខាងត្បូង​ប្រទេស​ចិន នឹង​កើនឡើង​បន្តទៀត បន្ទាប់ពី ប្រទេស​ចិន បើក​ស្ថានីយ​ត្រួតពិនិត្យ​ជំងឺ​រាតត្បាត​នៅក្នុង​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន Mohan។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ Jurin Laksanawisit ឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ​ចិន កាលពី​ថ្ងៃទី 30 វិច្ឆិកា បានបញ្ចប់​ការត្រួតពិនិត្យ​ចំពោះ​ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​នៅលើ​រុក្ខជាតិ​ដែលមាន​ទីតាំង​នៅក្នុង​ស្ថានីយ​រថភ្លើង Mohan ដែល​នេះ​នឹង​អនុញ្ញាតឱ្យ​បន្លែ ផ្លែឈើ​របស់ ថៃ នាំចូល​ទៅកាន់ ប្រទេស​ចិន តាមរយៈ​ស្ថានីយ​នេះ។

ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​លើ​បន្លឺ​ផ្លែឈើ​នេះ​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី 30 ធ្នូ 2022 ចំ​ខួប​មួយឆ្នាំ​នៃ​ថ្ងៃ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​ពី ប្រទេស​ឡាវ ទៅកាន់ ប្រទេស​ចិន។

យោងតាម​លោក Jurin ផ្លូវ​រថភ្លើង​ល្បឿន​លឿន Mohan ដែល​រត់​កាត់​ប្រទេស​ឡាវ ទៅដល់​ភាគខាងត្បូង ប្រទេស​ចិន នេះ នឹង​ជួយ​ឱ្យ ប្រទេស​ថៃ ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង និង​មិនសូវ​បង់ថ្លៃ​ដឹកជញ្ជូន ដោយ​ឆ្លងកាត់​ខេត្ត Nongkhai ជាប់​នឹង​ព្រំដែន​របស់ ប្រទេស​ឡាវ។

លោក Jurin និយាយថា ការដែល ចិន អនុញ្ញាតឱ្យ​នាំចូល​បន្លែ​ផ្លែឈើ​របស់ ប្រទេស​ថៃ កាត់​តាម​ស្ថានីយ​ខាងលើ គឺជា​ការបើក​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​អ្នក​នាំចេញ​របស់​ប្រទេស​ទាំងពីរ។

ខេត្ត Yunnan ប្រទេស​ចិន គឺជា​ទីផ្សារ​មាន​សក្ដានុពល​ខ្លាំង​សម្រាប់ ប្រទេស​ថៃ ក្នុង​វិស័យ​ស្បៀងអាហារ និង​សេវាកម្ម ព្រោះថា នេះ​គឺជា​ខេត្ត​ដែល​នៅ​ជិត ប្រទេស​ថៃ បំផុត និង​មាន​ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជាមួយនឹង តំបន់​អាស៊ីអាគ្នេយ៍៕

ផ្លែទុរេន​របស់ ប្រទេស​ថៃ ដែល​ត្រៀម​នាំ​ចូល​ទីផ្សារ​ចិន
ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ Mohan

 

Advertisement