សារព័ត៌មាន​អង់គ្លេស និយាយថា មហា​សេដ្ឋី​ចិន Jack Ma កំពុង​រស់​លាក់ខ្លួន​នៅ តូ​ក្យូ

មហា​សេដ្ឋី​ចិន លោក Jack Ma

មហាសេដ្ឋី​ចិន Jack Ma កំពុងតែ​រស់​លាក់ខ្លួន​ដោយ​សប្បាយ កាត់បន្ថយ​វត្ត​មាននៅ​ទីសាធារណៈ​ក្នុង​រយៈពេល​ជិត 6 ខែ​កន្លង​នៅ រាជធានី​របស់ ប្រទេស​ជប៉ុន នេះ​បើតាម Financial Times។

Financial Times ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Nikkei ជប៉ុន កាលពី​ថ្ងៃទី 29 វិច្ឆិកា បាន​ចុះផ្សាយ​ថា ក្នុងអំឡុង​ជិត​កន្លះ​ឆ្នាំ​ដែល​បានរស់នៅ​ក្នុង រាជធានី​តូ​ក្យូ មហាសេដ្ឋី Jack Ma រួម​នឹង​គ្រួសារ​ទៅកាន់​តំបន់​សម្រាក​លំហែកាយ​នៅ​ជាយក្រុង​ជា​ញឹកញាប់ ហើយ​ជួនកាល​ទៅកាន់ សហរដ្ឋ​អាម៉េរិក និង អ៊ីស្រាអែល។

នៅ តូ​ក្យូ ស្ថាបនិក​របស់ Alibaba រស់នៅ​ដោយ​ស្ងាត់ស្ងៀម ចៀសវាង​ការចាប់អារម្មណ៍​របស់​សាធារណជន។ មហាសេដ្ឋី​ចិន​រូបនេះ មាន​ចុងភៅ និង​ក្រុម​អង្គរក្ស​ផ្ទាល់ខ្លួន។

លោក Jack Ma ប្រើប្រាស់​សេវាកម្ម​នៅ​ក្លឹប​មួយចំនួន​នៅ​ខណ្ឌ Ginza និង​តំបន់​ហិរញ្ញវត្ថុ Marunouchi។ ក្នុងនោះ ក្លឹប​នៅ Ginza គឺជា​ទីកន្លែង​សម្ងាត់​សម្រាប់​ក្រុម​អភិជន​ចិន នៅពេល​ពួកគេ​ស្នាក់នៅ ឬ​បំពេញបេសកកម្ម​រយៈពេល​យូរ​នៅ រាជធានី​របស់ ជប៉ុន។

ប្រភពព័ត៌មាន​ឱ្យដឹងថា មិត្ត​ភ័ក្ដិ​របស់លោក Ma នៅ ប្រទេស​ចិន និយាយថា មហាសេដ្ឋី​រូបនេះ​ចាប់ផ្ដើម​ទម្លាប់​គូរគំនូរ​ដើម្បី «សម្លាប់​ពេលវេលា»។ អ្នកខ្លះ​ថា លោក Ma កំពុង​ពង្រីក​ផលប្រយោជន៍​ផ្នែក​ជំនួញ​របស់គាត់នៅ​ ប្រទេស​ជប៉ុន។ លោក Ma បាន​ផ្ទេរអំណាច​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន Alibaba និង Ant ទៅឱ្យ​មនុស្ស​ជំនាន់​ថ្មី។

មូលនិធិ Jack Ma និង​ក្រុមហ៊ុន Ant មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​បកស្រាយ​អំពី​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

លោក Jack Ma អាយុ 58 ឆ្នាំ ធ្លាប់ជា​មហាសេដ្ឋី​លំដាប់​ទីមួយ​នៅ ប្រទេស​ចិន។ លោក Ma គឺជា​ស្ថាបនិក​របស់ Alibaba និង Ant Gourp ជា​ក្រុមហ៊ុន​ដែលមាន​វឌ្ឍនភាព​ឡើងដល់​ចំណុចកំពូល​ក្នុង​វិស័យ​ឯកជន និង​ធ្លាប់​ត្រូវបាន​វាយតម្លៃ​ខ្ពស់ជាង​បណ្ដា​ក្រុមហ៊ុន​នៅ សហរដ្ឋ​អាម៉េរិក លើកលែងតែ Apple, Amazon និង Google។

ក៏ប៉ុន្តែ អាជ្ញាធរ​ចិន កាលពី 2 ឆ្នាំមុន បានចាប់ផ្ដើម​បញ្ចេញ​ឥរិយាបថ​រឹតបន្តឹង​ទៅលើ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា ក្នុងនោះ ក្រុមហ៊ុន Ant Group របស់លោក Ma ក៏ត្រូវ​បាន​ផ្អាក​ដំណើរការ IPO ដែលមាន​តម្លៃ 37 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅតាម​បញ្ជា​ផ្ទាល់​របស់ ប្រធានាធិបតី​ចិន។

Alibaba ក៏​ត្រូវបាន​អាជ្ញាធរ​ចិន ពិន័យ 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​ចោទថា បាន​រំលោភច្បាប់​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ។ មុន​នោះ លោក Ma ត្រូវបាន​គេ​សំគាល់​ឃើញថា ជំទាស់​នឹង​ការកំណត់​ស្ដីពី​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​របស់ ប្រទេស​ចិន។

ចាប់តាំងពី​ពេលនោះ​មក លោក Jack Ma ហាក់​បាត់​ខ្លួន​ពី​ការតាមដាន​របស់​សាធារណជន ហើយ​កន្លែង​ស្នាក់នៅ​របស់លោក​បានក្លាយ​ជា​ប្រធានបទ​ដែលមាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន៕

Advertisement