តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ធ្លាក់​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង

ឃ្លាំង​ដាក់​ប្រេង​ឆៅ

តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក ក្នុងការ​ជួញដូរ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍ បាន​បន្ត​ថយចុះ​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ថយចុះ និង​ការរំពឹង​ដែលថា ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​កែលំអ។

យោងតាម Reuters ប្រេង Brent ធ្លាក់​ថ្លៃ 2.6% នៅក្នុង​ការជួញដូរ​ក្នុង​ថ្ងៃ​ដើម​សប្ដាហ៍ ចុះមក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ខែមករា 2022 ខណៈដែល​ប្រេង WTI ធ្លាក់​ថ្លៃ​មក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ចុងខែ​ធ្នូ 2021។ មុន​នោះ តម្លៃ​របស់​ប្រេង​ឆៅ​ទាំងពីរ​ប្រភេទ​ខាងលើ​បាន​ធ្លាក់ចុះ​ជា​បន្ត​ក្នុង​សប្ដាហ៍​ទី 3 ព្រោះតែ​មានការ​បារម្ភ​អំពី​តម្រូវការ​ប្រើប្រាស់​របស់ ប្រទេស​ចិន និង​ផែនការ​កំណត់​តម្លៃ​ពិតាន​របស់​បណ្ដា​ប្រទេស​លោកខាងលិច ចំពោះ​ប្រេង​របស់ ប្រទេស​រុស្ស៊ី។

ទន្ទឹមនឹងនេះ ការ​ងើបឡើង​នៃ​តម្លៃ​រូបិយវត្ថុ​ដុល្លារ​អាម៉េរិក និង​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយថា អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) នឹង​បង្កើន​ការផលិត​ប្រេង ក្រោយ​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 04 ធ្នូ​ខាងមុខ ក៏​រួមចំណែក​ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ផងដែរ៕

Advertisement