វៀតណាម ​សម្ពោធ​​ការ​នាំចេញ​រថយន្ត​អគ្គិសនី​ទៅកាន់​ទីផ្សារ​ក្រៅបរទេស

នា​ថ្ងៃទី 25 វិច្ឆិកា 2022 នេះ នៅ​ទីក្រុង Hai Phong ក្រុមហ៊ុន VinFast ប្រារព្ធ​ពិធី​សម្ពោធ​ការនាំចេញ​រថយន្ត​អគ្គិសនី VF8 ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​អាម៉េរិក ដោយមាន​វត្តមាន​រប​ស់ នាយករដ្ឋមន្ត្រី​វៀតណាម រួម​នឹង​ក្រុមមន្ត្រី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ។

យោងតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម VinFast  រថយន្ត​អគ្គិសនី VF8 ដំបូងៗដែល​នាំ​ចេញពី​កំពង់ផែ MPC នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម ទៅកាន់ សហរដ្ឋ​អាម៉េរិក គឺមាន​ចំនួន 999 គ្រឿង។

ខាងលើនេះ​គឺជា​រថយន្ត​អគ្គិសនីដំបូងៗក្នុងចំណោម 65,000 គ្រឿង​ដែល VinFast នឹងត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាម​ការបញ្ជាទិញ​រប​ស់​អតិថិជន។

រយៈពេល 20 ថ្ងៃ បន្ទាប់ពី​បាន​ចាក​ចេញពី​កំពង់ផែ MPC នៅ​ទីក្រុង Hai Phong ខាងលើ ទំនិញ​ទាំងនេះ​នឹង​ទៅដល់ សហរដ្ឋ​អាម៉េរិក ហើយ​ប្រគល់ឱ្យ​អតិថិជន​ចាប់ពី​ចុងខែ​ធ្នូ​ខាងមុខ។

ភាគី​ក្រុមហ៊ុន​ឱ្យដឹងថា បន្ទាប់ពី ទីផ្សារ​អាម៉េរិក VinFast នឹង​នាំចេញ​រថយន្ត​អគ្គិសនី VF8 ទៅកាន់ ទីផ្សារ​កាណាដា និង អឺរ៉ុប ដើម្បី​អាច​ប្រគល់ឱ្យ​អតិថិជន​បាន​ទាន់ពេល​នៅ​ឆ្នាំ 2023៕

Advertisement