«ទីផ្សារ​​មាន​តែ​​រថយន្ត​​អគ្គិសនី​ អ្នក​ក្រ​​នឹង​​មិន​មាន​​រថយន្ត​​ជិះ​​នឹង​​គេ»​ មេ​​របស់ ​BMW​ អះអាង​​ដូច្នេះ

នាយកប្រតិបត្តិ Oliver Zipse របស់ BMW

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​សម្ដែង​ការបារម្ភ​របស់ខ្លួន​អំពី​ការដែល​តំបន់​ជាច្រើន​បានប្រកាស​ហាម​លក់​រថ​យន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ក្រោយ។

កាលពីពេលថ្មីៗនេះ ប្រទេស​ជាច្រើន​នៅ អឺរ៉ុប បានអនុម័ត​សេចក្ដីព្រាងច្បាប់ «ហាម​លក់​រថយន្ត​ចំហេះ​ក្នុង» (រថយន្ត​ប្រើ​សាំង/ម៉ា​ស៊ូ​ត) នៅ​តំបន់​នេះ​ចាប់ពី​ឆ្នាំ 2035។

មុន​នោះ ទីក្រុង​មួយចំនួន​នៅ​ពាសពេញ​ពិភពលោក និង​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​កំណត់​គោលដៅ ហាម​លក់​រថយន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ថ្មី ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ដំបូង​នៃ​ឆ្នាំ 2030 ឬ​យ៉ាងយូរ​ចាប់ពី​ឆ្នាំ 2035។

នាយក​ប្រតិបត្តិ Oliver Zipse របស់ BMW បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ការកំណត់​គោលដៅ​ខាងលើ នៅ​ពេល​​មាន​កិច្ច​សម្ភាស​ជាមួយ Reuters កាលពីពេលថ្មីៗនេះ។

«យើង​មិន​ចង់ឱ្យ​រថយន្ត​ត្រូវបាន​ប្លន់​ពី​ដៃ​អ្នកប្រើប្រាស់​ទូទៅ» លោក Zipse សង្កត់ធ្ងន់​ដូច្នេះ។ «បើសិន​នៅសុខៗស្រាប់តែ​ប្រែក្លាយ​ឱកាស​កាន់កាប់​រថយន្ត​ឱ្យទៅជា​របស់​សម្រាប់តែ​អ្នកមាន នោះ​វា​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត»។

តម្លៃ​រថយន្ត​អគ្គិសនី យ៉ាងហោច​នៅក្នុង​អនាគត​ខ្លី នៅតែ​ខ្ពស់ជាង 10,000 ដុល្លារ ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នៅក្នុង​ប្រភេទ ទំហំ​ដូចគ្នា។ ការដែល​មិនមាន​ជម្រើស​រថយន្ត​តម្លៃ​ទាប នឹងធ្វើ​ឱ្យ​ឱកាស​មាន​រថយន្ត​ជិះ ទៅជា​រឿង​ហួស​សមត្ថភាព ពិសេស​គឺ​នៅក្នុង​ស្ថានភាព​ដែល​តម្លៃ​រថយន្ត​ចេះតែ​កើនឡើង។

យោងតាម CEO របស់ BMW បណ្ដា​ក្រុមហ៊ុន​រថយន្ត រួមទាំង​រដ្ឋាភិបាល​នានា គួរតែ​ផ្ដល់​ជម្រើស​ឱ្យបាន​ច្រើន​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ជំនួស​ឱ្យ​ការកំណត់​ដ៏​តឹងរឹង​នេះ។

ក្រៅពី​នាយក​ប្រតិបត្តិ​របស់ BMW មុន​នោះ ក៏​មានមតិ​ប្រហាក់ប្រហែល​នេះដែរ ក្នុងនោះ​មានដូចជា​មតិ​របស់​នា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Renault លោក Luca de Meo ជាដើម៕

Advertisement